ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ សង់ប៉ិចបុកជាមួយរថយន្តកុងតឺន័របញ្ច្រាសទិសគ្នាស្លាប់២នាក់នៅពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ ខណៈជិះម៉ូតូលឿនជ្រុលបុករថយន្តកុងតឺន័រ ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូជាតិលេខ៤ មុខបុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះ ទី១ ឈ្មោះ ទុយ សុភាព ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ និងទី២ឈ្មោះ អ៊ុក សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅឃុំរការ ស្រុកកណ្តាលស្ទឹក ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲយដឹងថា នៅមុនពេលកើតហេតុគេ បានឃើញជនរងគ្រោះខាងលើ ជិះម៉ូតូសង់ប៊ិច១១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១D-៣៨២២ ជិះឌុបគ្នា ២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តកុងតឺន័រ វិញម៉ាក DAEWOO ពណ៌ស្វាយ ពាក់ស្លាកលេខ ភ្នំពេញ ៣D-១៦៧១ បើកបរតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យបោកផ្ទប់ជាមួយនឹងក្បាលរថយន្តបាក់ក ស្លាប់ទាំង២នាក់តែម្តង ។

បន្ទាប់មកអ្នកបើកបររថយន្ត និងអ្នករួមដំណើរបានបើកទ្វារចុះពីរថយន្តនាំគ្នារត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ គេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើចរាចរណ៍ និងទំនាក់ទំនងហៅកម្លាំងនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញមកវាស់វែង ព្រមទាំងយកម៉ូតូ និងរថយន្ត ដើម្បីយកទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នាទៅតាមច្បាប់ ។ ចំណែកសាកសពជនរងគ្រោះដោយមិនទាន់រកបងប្អូនឃើញហើយ កម្លាំងនគរបាលជំនាញបានបញ្ជូនយកទៅដំកល់នៅវត្តតាំងកសាងទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីរង់ចាំបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖