ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងលេងល្បែងជល់មាន់មួយកន្លែង ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចុះការបង្ត្រាប និងឃាត់ខ្លួនបានមនុស្ស២នាក់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ ថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទី ក្រោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការ លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង បានធ្វើការចុះបង្ក្រាប ទីតាំងបើកលេងល្បែងជល់មាន់មួយកន្លែង ស្ថិតនៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ២នាក់៖

១. ឈ្មោះ សួន ដែន (ហៅ ជូ ) ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ជាម្ចាស់ទីតាំង)។

២. ឈ្មោះ សួន ជាតិ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ជាម្ចាស់ទីតាំង)។

ក្រោយធ្វើការឆែកឆេរកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ មាន់ឈ្មោល (ប្រភេទមាន់ជល់) ចំនួន ៩៣ក្បាល ស៊ុមសម្រាប់ដាក់មាន់ ចំនួន ៩៣ស៊ុម និងសង្វៀនសម្រាប់ជល់មាន់ ចំនួន ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ សុរិយា


ចែករំលែក៖