ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនជនសង្ស័យពីរនាក់ជាមួយគ្រឿងញៀនជាច្រើនកញ្ចប់

ចែករំលែក៖

កណ្តាល:ជនសង្ស័យពីរនាក់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានតុលាការខេត្តកណ្ដាលសម្រេចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារកាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

មន្ត្រីតុលាការ ថ្លែងថា ជនសង្ស័យមានឈ្មោះ ស៊ីម ណាត អាយុ៣៤ឆ្នាំ និងឈ្មោះ ម៉ៃ គឿន អាយុ២៩ឆ្នាំ ត្រូវបានលោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនសង្ស័យទាំងពីរនាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា នៅចំណុចផ្ទះតូបការហ្វេ នៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ។

នៅក្នុងការបង្ក្រាបនេះ នគរបាលរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន២៥កញ្ចប់តូចធំ និង ឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ៕ ចេស្តា

1 2


ចែករំលែក៖