ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ជំនួបប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន ជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងជំនួប ប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។
នៅក្នុងបទអន្តរាគមន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានរំលេចឡើងនូវអាទិភាពចំនួនបី៖ ១. ការរក្សាសន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ តាមរយៈការទូត កិច្ចសន្ទនា និងការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ២. ការលើកកម្ពស់សមភាពយេនឌ័រ ការការពារពលករទេសសន្តរប្រវេសន៍ និងការគាំពារ ប្រជាជនវ័យចំណាស់ និង៣. ការពង្រឹងភាពធន់នៃតំបន់តាមរយៈការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហ- ប្រតិបត្តិការលើសន្តិសុខស្បៀងនិងថាមពល សុខភាពសាធារណៈ និងបរិយាបន្នឌីជីថល។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា ពលរដ្ឋខ្មែរដែលភៀសសឹកប្រមាណ ២០,០០០ នាក់ ត្រូវតែទទួលបាន ការអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់វិញ ដោយគ្មានការរារាំងព្រមទាំងមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងមិនមានការពន្យារពេលតទៅទៀត។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញឱ្យបានឆាប់នូវការងារវាស់វែង និងបោះខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច