យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (Permanent Court of Arbitration – PCA) ស្តីពីដំណើរការផ្សះផ្សាជម្លោះដែនសមុទ្ររវាងកម្ពុជា និងថៃ បានឱ្យដឹងថា កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សា ដែលបានបញ្ចប់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានសម្រេចនូវវឌ្ឍនភាពថ្មីមួយទៀតក្នុងដំណើរការស្វែងរកដំណោះស្រាយជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងកិច្ចប្រជុំនេះ គឺការដែលភាគីទាំងពីរបានឈានដល់ការយោគយល់គ្នាលើប៉ារ៉ាម៉ែត្របច្ចេកទេសមួយចំនួន ដែលនឹងត្រូវប្រើជាមូលដ្ឋានសម្រាប់ការកំណត់ព្រំដែនដែនសមុទ្រ ព្រមទាំងបានឯកភាពលើការចុះទស្សនកិច្ចសិក្សាទីតាំងរបស់គណៈកម្មការផ្សះផ្សា ដើម្បីស្វែងយល់ដោយផ្ទាល់អំពីលក្ខណៈភូមិសាស្ត្រនៃកោះ និងទីតាំងពាក់ព័ន្ធនៅឯនាយឆ្នេរសមុទ្រនៃប្រទេសទាំងពីរ។
ប្រសិនបើពិនិត្យត្រឹមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាននេះ ហាក់ដូចជាលទ្ធផលបច្ចេកទេសមួយធម្មតា ប៉ុន្តែបើយើងពិនិត្យឱ្យបានស៊ីជម្រៅ នេះគឺជាការវិវត្តមួយដែលមានសារៈសំខាន់ចំពោះដំណើរការចរចានេះ។ ព្រោះបញ្ហាព្រំដែនដែនសមុទ្រមិនមែនជារឿងដែលអាចដោះស្រាយបានដោយការលើកឡើងនូវជំហររៀងៗខ្លួន តាមការបកស្រាយផ្លូវច្បាប់តែមួយមុខនោះទេ។ វាត្រូវការការងារស្រាវជ្រាវ និងពិនិត្យយ៉ាងល្អិតល្អន់ទៅលើទីតាំងភូមិសាស្ត្រ កោះ ចំណុចមូលដ្ឋាន ផែនទី និងទិន្នន័យបច្ចេកទេសនានា ព្រមទាំងការអនុវត្តស្របតាមគោលការណ៍ច្បាប់សមុទ្រអន្តរជាតិផងដែរ។
និយាយឱ្យងាយយល់ជាងនេះ ការឯកភាពលើប៉ារ៉ាម៉ែត្របច្ចេកទេស គឺមានន័យថា ភាគីទាំងពីរចាប់ផ្តើមមានមូលដ្ឋានរួមលើរបៀប និងលក្ខខណ្ឌដែលត្រូវប្រើសម្រាប់ពិនិត្យ និងគណនាខ្សែព្រំដែនដែនសមុទ្រហើយ។ ត្រង់ចំនុចនេះមិនទាន់មានន័យថា កម្ពុជានិងថៃបានព្រមព្រៀងគ្នាលើទីតាំងខ្សែព្រំដែនចុងក្រោយនោះទេ ប៉ុន្តែជាជំហានមួយដែលអាចជួយឱ្យការពិភាក្សាឈានទៅមុខបានកាន់តែច្បាស់លាស់ជាងមុន។ ចំណុចនេះមានសារៈសំខាន់ណាស់ ព្រោះនៅពេលភាគីទាំងពីរមានការយល់ស្របលើមូលដ្ឋានបច្ចេកទេសរួម នោះការងារបន្តនឹងអាចផ្តោតទៅលើការពិនិត្យទិន្នន័យ និងការស្វែងរកដំណោះស្រាយជាជាងចំណាយពេលលើការខ្វែងគំនិតគ្នាអំពីវិធីសាស្ត្រដែលត្រូវប្រើ។
ម្យ៉ាងវិញទៀត ការឯកភាពឱ្យគណៈកម្មការផ្សះផ្សាចុះទស្សនកិច្ចសិក្សាទីតាំង ក៏ជាជំហានគួរឱ្យកត់សម្គាល់មួយផងដែរ។ ក្នុងការកំណត់ព្រំដែនដែនសមុទ្រ លក្ខណៈរបស់កោះ និងទីតាំងភូមិសាស្ត្រនៅតាមឆ្នេរសមុទ្រ គឺជាកត្តាដែលអាចមានឥទ្ធិពលលើការពិចារណាផ្នែកច្បាប់។ ដូច្នេះ ការចុះសិក្សាដោយផ្ទាល់នឹងផ្តល់ឱ្យគណៈកម្មការនូវទិដ្ឋភាពជាក់ស្តែងបន្ថែមលើព័ត៌មានដែលទទួលបានតាមរយៈឯកសារ និងការបកស្រាយរបស់ភាគីនីមួយៗ។ ទោះជាយ៉ាងណា ទស្សនកិច្ចនេះមិនមែនជាការសម្រេចអំពីសិទ្ធិរបស់ភាគីណាមួយ ឬជាការកំណត់ខ្សែព្រំដែនដែនសមុទ្រនោះទេ ប៉ុន្តែជាផ្នែកមួយនៃដំណើរការស្វែងយល់ និងវាយតម្លៃរបស់គណៈកម្មការ ដើម្បីឱ្យការពិចារណានាពេលបន្តទៅមុខមានមូលដ្ឋានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជាងមុន។
បើពិនិត្យតាមដំណើរការនៃការផ្សះផ្សានេះ កម្ពុជាបានផ្តួចផ្តើមនីតិវិធីផ្សះផ្សាជាផ្លូវការកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមយន្តការដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ បន្ទាប់ពីកិច្ចប្រជុំលើកទី១ នៅប្រទេសសិង្ហបុរី និងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ដែលភាគីទាំងពីរបានឯកភាពលើវិធានការកសាងទំនុកចិត្ត និងកិច្ចប្រជុំលើកទី៣ នៅទីក្រុងកូឡាឡាំពួរនេះ បាននាំដំណើរការទៅកាន់ការងារបច្ចេកទេសជាក់ស្តែងកាន់តែច្រើន។ នេះបង្ហាញថា យន្តការផ្សះផ្សាកំពុងដំណើរការទៅមុខជាបន្តបន្ទាប់ ហើយភាគីទាំងពីរនៅតែមានលទ្ធភាពក្នុងការស្វែងរកចំណុចរួម ទោះបីជាបញ្ហាដែលត្រូវដោះស្រាយមានភាពស្មុគស្មាញ និងពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិយ៉ាងណាក៏ដោយ។
សម្រាប់កម្ពុជា អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការបន្តរក្សាជំហរដោយមានភាពច្បាស់លាស់ និងប្រកាន់ខ្ជាប់នូវមូលដ្ឋានច្បាប់អន្តរជាតិ។ ការចូលរួមក្នុងដំណើរការផ្សះផ្សា និងការស្វែងរកការយោគយល់គ្នាជាមួយភាគីថៃ មិនមែនជាការបោះបង់សិទ្ធិ ឬបន្ទន់ជំហរលើផលប្រយោជន៍ជាតិឡើយ។ ផ្ទុយទៅវិញ វាបង្ហាញថា កម្ពុជាកំពុងប្រើប្រាស់យន្តការដែលមានចែងក្នុងច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងធានាថា បញ្ហាដែលពាក់ព័ន្ធនឹងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជាតិ ត្រូវបានពិភាក្សានៅក្នុងក្របខណ្ឌដែលមានលក្ខណៈជាផ្លូវការ និងមានការសម្របសម្រួលពីគណៈកម្មការឯករាជ្យ។
ប៉ុន្តែអ្វីដែលត្រូវតាមដានបន្តទៀត គឺលទ្ធផលនៃការចុះទស្សនកិច្ចសិក្សាទីតាំង និងការចរចាបន្ទាប់ពីនោះ។ ការយោគយល់គ្នាលើប៉ារ៉ាម៉ែត្របច្ចេកទេសគឺជាការចាប់ផ្តើមដ៏សំខាន់ ប៉ុន្តែការឈានទៅរកការកំណត់ព្រំដែនចុងក្រោយនៅតែត្រូវការការពិភាក្សាលម្អិត និងឆន្ទៈពិតប្រាកដក្នុងការសហការពីភាគីទាំងពីរ។
ទីបំផុត ការការពារផលប្រយោជន៍ជាតិមិនអាចវាស់វែងតាមរយៈពាក្យសម្តី ឬការប្រឈមមុខដាក់គ្នាតែប៉ុណ្ណោះទេ។ ជាពិសេស ក្នុងបញ្ហាដែនសមុទ្រដែលមានភាពស្មុគស្មាញខ្លាំង កម្ពុជាត្រូវការជំហរច្បាស់លាស់ ការប្រើប្រាស់ច្បាប់អន្តរជាតិប្រកបដោយភាពម៉ឺងម៉ាត់ ការទូតដែលមានភាពបត់បែន អត់ធ្មត់ និងការត្រៀមខ្លួនបានគ្រប់ជ្រុងជ្រោយ។ កត្តាទាំងនេះហើយដែលនឹងជួយពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ជាតិរបស់ខ្លួនក្នុងរយៈពេលវែងបាន។ ដូច្នេះ កម្ពុជាត្រូវបន្តដំណើរការនេះដោយប្រុងប្រយ័ត្ន និងមានការតាំងចិត្តខ្ពស់ ព្រោះគោលដៅចុងក្រោយមិនមែនគ្រាន់តែសម្រេចបានវឌ្ឍនភាពក្នុងកិច្ចប្រជុំនោះទេ ប៉ុន្តែគឺជាការធានាឱ្យបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជាតិ សម្រាប់បច្ចុប្បន្ន និងអនាគត៕
ដោយ៖ ពិន វិជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច