ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្តព្រះសីហនុ​៖​ សូមស្វាគមន៍នាវា​ទេសចរណ៍​មួយ​គ្រឿង ​ឈ្មោះ CARNIVAL LUMI​NOSA (Bahamas) ដែល​បាន​ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ​ នាព្រឹកថ្ងៃទី២៨​ វិច្ឆិកា​នេះ!

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ លោក ម៉ាង ស៊ី​ណេ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​មន្ត្រីរាជការ​ជា​ច្រើន​រូប នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ នេះ​ បាន​អញ្ជើញ​ទទួល​ស្វាគមន៍​នាវា​ទេសចរណ៍​បរទេស​មួយ​គ្រឿង ​ឈ្មោះ CARNIVAL LUMI​NOSA  (Bahamas) ដែល​បាន​ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ​ នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ប្រកប​ដោយ​សុវត្ថិភាព​ ។

សូមជម្រាបជូនថា​ នាវា​ទេសចរណ៍ CARNIVAL LUMINOSA មាន​បណ្តោយ​ប្រវែង ២៩៤ ម៉ែត្រ​ទទឹង​៣២,២៥​ម៉ែត្រ និង​ជម្រៅ​ទឹក​៨,២៥​ម៉ែត្រ​។ នាវា​នេះ​ បាន​ចាក​ចេញពី​ប្រទេស​ថៃ មក​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នា​វេលា​ម៉ោង​៧:០០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ ហើយ​នាវា​នេះ​ គ្រោង​នឹង​ចាក​ចេញពី​ដែនទឹក​កម្ពុជា ឆ្ពោះទៅ​កាន់​ប្រទេស​សិង្ហ​បុរី នៅ​វេលា​ម៉ោង​១៨:០០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ ។

ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើ​តាម​នាវា CARNIVAL LUMINOSA  មាន​ចំនួន ១,៧៦៨​នាក់ (ស្រី​១,០៤២​នាក់) និង​មាន​២៣​សញ្ជាតិ មក​ពី​តំបន់​អឺរ៉ុប​ ។ ក្នុង​នោះ​សញ្ជាតិ​​ដែល​មាន​ភ្ញៀវ​ច្រើន​ជាងគេ គឺ​ភ្ញៀវ​ទេសចរ​​ជនជាតិ​អា​មេ​រិ​ក (USA) ចំនួន ១,៤៦៣​នាក់ (​ស្រី​៨៦០​នាក់​) ​។ មាន​នាវិក​សរុប​ចំនួន​៩៨០​នាក់ (ស្រី​២៦៣​នាក់) មាន​៤៨​សញ្ជាតិ​ ។​

នៅ​ក្នុង​ឱកាស​នៃ​ការ​ចូល​ចត​នាវា​ខាងលើ​នេះ​ ភ្ញៀវ​ទេសចរ​បន្តដំណើរ​កម្សាន្ត​តាម​រម​ណី​យ​ដ្ឋាន​តាម​តំបន់ឆ្នេរ​នៅ​ក្នុង​ក្រុងព្រះសីហនុ ​និង​ភូមិ​នេសាទ​ (​ទំនប់​រលក​)​​ ទៅ​កាន់​ខេត្ត សៀមរាប​ មាន​ចំនួន​៣​នាក់ ស្រី​១​នាក់​, ស្មើនឹង​៣​សញ្ជាតិ និង​ភ្ញៀវ​មក​ពី​ខេត្ត​សៀមរាប ដើម្បី​ឡើង​នាវា​បន្តដំណើរ​មាន​ចំនួន​២​នាក់ ស្រី​១​នាក់ ស្មើនឹង​២​សញ្ជាតិ​ ។

ក្នុង​ឱកាស​ទទួល​ស្វាគមន៍​នោះ លោក ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ឡើង​ពិនិត្យ និង​ទស្សនកិច្ច​លើ​នាវា​ទេសចរណ៍​ដ៏​ប្រណីត​​នេះ ព្រមទាំង​បាន​បង្ហាញ​ពី​សក្តានុពល​របស់​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​តំបន់ឆ្នេរ​នៃ​ភាគ​និរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំបូរ​ទៅ​ដោយ​ធនធានធម្មជាតិ និង​ឆ្នេរ​ខ្សាច់​ស​ស្អាត​ពី​ធម្មជាតិ ក្នុង​ចំណោម​បណ្តា​ខេត្ត​ជាប់​ឆ្នេរ​ទាំង​៤​របស់​កម្ពុជា​ ។​ 

​បន្ថែមពីនេះ​ លោកអភិបាលខេត្ត​  ក៏​បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​ជ្រើស​រើស​ប្រទេស​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​មួយ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន ហើយ​កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព​  និង​សុវត្ថិភាព​ពេញលេញ ​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​តំបន់​វិនិយោគ​ប្រកបដោយ​ភាព​ទាក់ទាញ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​ នៅ​ក្នុង​ឱកាស​ទស្សនៈកិច្ច​នៅ​លើ​នាវា​ដ៍​ប្រណីត​ខាងលើ ​ឯកឧត្តម​អភិ​បាលខេត្ត​​ក៏បាន​ប្រគល់​ជូន​វត្ថុ​អនុស្សាវរីយ៍​ក្រមា​ជា​ស្នាដៃ​កូន​ខ្មែរ​រំលេច​ជាយ​រូប​ទង់ជាតិ​ប្រាសាទ​កំពូល​ប្រាំ​អត្តសញ្ញាណ​ជាតិខ្មែរ​ និង​រូប​សឹ​ង្ហ​មួយគូ​តំណាង​ឱ្យខេត្ត​ព្រះ​សីហ​នុ​ ​៕

ដោយ​៖ តារា​


ចែករំលែក៖