ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនក្រុមជនសង្ស័យ ៩នាក់ ធាក់ម៉ូតូជនរងគ្រោះដួល ប៉ុនប៉ងប្លន់យកម៉ូតូមិនបានសម្រេច នៅស្រុកកណ្ដាលស្ទឹងទៅសាលាដំបូង

ចែករំលែក៖

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបញ្ជូនជនសង្ស័យ៩នាក់ទៅសាលា ដំបូងខេត្តកណ្ដាលពាក់ព័ន្ធករណីហិង្សាដោយចេតនានិងមានស្ថានទម្ងន់ទោស។

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចយកម៉ូតូដោយប្រើសកម្មភាពធាក់ម៉ូតូជនរងគ្រោះឱ្យដួល នៅលើកំណាត់ផ្លូវក្រវាត់ ក្រុងទី៣ (មហាវិថីស៊ីជីនពីង) ស្ថិតក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីវេលាម៉ោង ២:៥០នាទីរំលងអធ្រាត្រ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមព័ត៌មានសមត្ថកិច្ច ករណីនេះមានជនរងគ្រោះចំនួន ៥នាក់ ក្នុងនោះមាន ៤នាក់ជិះម៉ូតូធ្វើដំណើរតាមផ្លូវពីសង្កាត់សិត្បូ ក្រុងតាខ្មៅ ឆ្ពោះទៅឃុំជើងកើប។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមជនសង្ស័យជិះម៉ូតូ ៣គ្រឿងដេញតាមពីក្រោយ រួចធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះមួយគ្រឿងឱ្យដួល និងប៉ុនប៉ងលើកយកម៉ូតូ ប៉ុន្តែត្រូវបានជនរងគ្រោះស្រែកហៅអ្នកភូមិឱ្យជួយ ទើបក្រុមជនសង្ស័យរត់គេចខ្លួន។

មួយសន្ទុះក្រោយមក ក្រុមជនសង្ស័យបានជិះម៉ូតូត្រឡប់មកវិញ ដោយបង្ហោះម៉ូតូ និងបិទភ្លើង។ ពេលនោះ ប្រជាពលរដ្ឋបានស្រែកឆោឡោ និងនាំគ្នាជួយដេញតាម ធ្វើឱ្យម៉ូតូជនសង្ស័យមួយគ្រឿងដួល ហើយក្នុងហេតុការណ៍នោះ បុរសម្នាក់ក្នុងចំណោមជនរងគ្រោះបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

តាមការសាកសួរជំហានដំបូង ជនសង្ស័យអះអាងថា ពួកគេបានជិះម៉ូតូចេញពីតំបន់ក្រោយព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅស្រុកបាទី ខេត្តតាកែវ ដោយបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវ និងបិទភ្លើងនៅពេលធ្វើដំណើរដល់កន្លែងកើតហេតុ។ ពួកគេបានបដិសេធថា មិនបានធាក់ម៉ូតូជនរងគ្រោះនោះទេ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៩នាក់ ដែលមានអាយុចន្លោះពី ១៦ដល់១៨ឆ្នាំ និងបានដកហូតម៉ូតូចំនួន ៤គ្រឿង ទូរសព្ទចំនួន ៨គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ និងវត្ថុតាង ត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖