ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធី ឆា-ឈីង ចូលរួមលើកកម្ពស់ការយល់ដឹងរឿងគ្រប់គ្រងលុយកាក់ សម្រាប់កុមារ

ចែករំលែក៖

ខេត្តកំពង់ចាម៖ កម្មវិធី “ឆា-ឈីង” គឺជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ បង្កើតឡើងនៅក្នុងឆ្នាំ២០១១ ដោយ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិផ្នែកមនុស្សធម៌របស់ក្រុមហ៊ុន ព្រូដិនសល ហើយកម្មវិធីនេះ បាននឹងកំពុងអនុវត្តនៅទូទាំងទ្វីបអាស៊ី ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីរឿងគ្រប់គ្រងលុយកាក់ សម្រាប់កុមារអាយុពី ៧ដល់១២ឆ្នាំ ។ ក្នុងប្រទេសកម្ពុជា កម្មវិធី “ឆា-ឈីង” ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី៣១ ឧសភា ២០១៦ ក្រោមវត្តមានរបស់ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ និងជាតំណាងលោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ។

ចាប់តាំងពីដើមឆ្នាំ២០១៦មក ក្រុមការងារស្ម័គ្រចិត្តរបស់ ព្រូដិនសលកម្ពុជា បានចុះទៅតាមសាលាបឋមសិក្សាជាច្រើន នៅក្នុងរាជធានីភ្នំពេញ និងខេត្តគោលដៅមួយចំនួន ដោយបាននាំយកវីដេអូ “ឆា-ឈីង” ទៅចាក់បង្ហាញដល់កុមារជាច្រើនរយនាក់ និងបានរៀបចំការលេងល្បែងកំសាន្ត និងសកម្មភាពអប់រំជាច្រើនទៀត ដើម្បីបណ្តុះគំនិតអប់រំក្នុងការគ្រប់គ្រងលុយកាក់ និងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់កុមារទាំងនោះ ។ ថ្មីៗនេះ ក្រុមការងារស្ម័គ្រចិត្តរបស់ ព្រូដិនសលកម្ពុជា បានចុះទៅដល់សាលាបឋម សិក្សាថ្លុកជ្រៅ ក្នុងភូមិថ្លុកជ្រៅ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយកម្មវិធី “ឆា-ឈីង” ទៅដល់កុមារា-កុមារី ក្នុងសហគមន៍ថ្លុកជ្រៅ ក្នុងគោលបំណងអប់រំកុមារអំពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងលុយកាក់ តាមរយៈការបង្ហាញវីដេអូចម្រៀង ការសួរសំណួរ ហើយ និងការលេងល្បែងកំសាន្ដដែលពាក់ព័ន្ធនឹងគោលគំនិតទាំង៤របស់ “ឆា-ឈីង” ។

ព្រឹត្តិការណ៍ ដែលបានរៀបចំឡើងក្នុងសាលាបឋមសិក្សាថ្លុកជ្រៅ កាលពីពេលថ្មីៗនេះ គឺជាសកម្មភាពចុងក្រោយ ដែលក្រុមហ៊ុនបានរៀបចំសម្រាប់ឆ្នាំ២០១៦ នេះ ប៉ុន្តែក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានបង្ហាញជំហរថា នឹងបន្តរៀបចំសកម្មភាពកាន់តែពិសេសបន្ថែមទៀត នៅឆ្នាំបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយកម្មវិធីនេះ ទៅដល់កុមារកាន់តែច្រើន នៅទូទាំងប្រទេសកម្ពុជា ។

លោក ស៊ូ សៀ នាយកសាលាបឋមសិក្សា ថ្លុកជ្រៅ បានថ្លែងកោតសរសើរ ដល់ក្រុមការងារក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលបានរៀបចំសកម្មភាពអប់រំទាំងនេះនៅសាលាបឋមសិក្សារបស់គាត់ និងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់កុមារអំពីគោលគំនិតមូលដ្ឋានដ៏សំខាន់ក្នុងការគ្រប់គ្រងលុយកាក់ ដូចជា ការរកលុយ ការសន្សំ ការចាយ និងការបរិច្ចាគ ។

បច្ចុប្បន្ននេះ កម្រងវីដេអូ “ឆា-ឈីង” ជាភាសាខ្មែរ បាននឹងកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨:៤៥នាទីព្រឹក ទៅដល់ ម៉ោង៩ព្រឹក។ សម្រាប់គ្រួសារដែលមានភ្ជាប់សេវាទូរទស្សន៍ខ្សែកាប កម្មវិធី “ឆា-ឈីង” ដែលចាក់ផ្សាយជាភាសាអង់គ្លេស អាចទស្សនាបាននៅលើប៉ុស្តិ៍ Cartoon Network ។

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីនេះ អ្នកអាចចូលទៅកាន់គេហទំព័រ www.cha-ching.com ដើម្បីទស្សនាវីដេអូចម្រៀងរបស់កម្មវិធី “ឆា-ឈីង” ដោយសេរី ជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាផ្សេងទៀតជាច្រើន ។

គួរបញ្ជាក់ដែរថាកម្រងវីដេអូ “ឆា-ឈីង” នីមួយៗជាវីដេអូគំនូរជីវចលអមដោយបទចម្រៀង ដែលមានរយៈពេលប្រមាណបីនាទី និងមានតួអង្គដ៏រស់រវើកប្រាំមួយនាក់ ដែលពន្យល់អប់រំកុមារអំពីគោលគំនិតមូលដ្ឋាននៃការគ្រប់គ្រងលុយកាក់ គឺការរកលុយ ការសន្សំ ការចាយលុយ និងការបរិច្ចាគ ។ តួអង្គទាំង ៦នាក់នេះ គឺជាសមាជិកនៃក្រុមតន្ត្រី “ឆា-ឈីង” ដែលតួអង្គនីមួយៗមានទម្លាប់ផ្សេងៗគ្នាក្នុងការគ្រប់គ្រងលុយកាក់របស់ពួកគេ ។ វីដេអូចម្រៀង “ឆា-ឈីង” តែងអមដោយបទចម្រៀងពិរោះ និងអក្សរសម្រាប់អានតាម ដែលជួយឲ្យកុមារអាចច្រៀងតាម ឆាប់យល់ និងឆាប់ចាំ ។ កម្រងវីដេអូ “ឆា-ឈីង” បានចាក់បញ្ចាំងនៅលើប៉ុស្តិ៍ទូរទស្សន៍ Cartoon Network ដែលជាប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបពេញនិយមបំផុតសម្រាប់កុមារនៅទ្វីបអាស៊ី ។មកទល់បច្ចុប្បន្ន មានកុមារជាង ១៦០,០០០នាក់ បានទទួលអត្ថប្រយោជន៍អំពីកម្មវិធី “ឆា-ឈីង” ដែលបានចុះទៅអនុវត្តផ្ទាល់នៅសាលារៀននានាទូទាំងអាស៊ី៕ វឌ្ឍនា

photo-3 photo-1 photo-2


ចែករំលែក៖