ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលបង្រ្កាបបទល្មើសគ្រៀងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយអធិការដ្ខាននគរបាលស្រុកកំពង់ត្រឡាច និង ក្រុងកំពង់ឆ្នាំង បានចុះប្រិតិបត្តិការបង្រ្កាប ចាប់បានអ្នកប្រើប្រាស់ និងអ្នកចែកចាយគ្រឿងញៀនចំនួន៣នាក់ រកឃើញថ្នាំញៀន៤៦កញ្ចប់ ដែលប្រតិបត្តិការនេះ ធ្វើឡើងចំនួន២លើក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានអោយដឹងថា ករណីទី១បានបង្រ្កាប កាលពីវេលាម៉ោង៩ព្រឹក នៅផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយបានឃាត់ខ្លួនមនុស្សចំនួន២នាក់ ។
សមត្ថកិច្ចបានអោយដឹងទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននេះម្នាក់ឈ្មោះលន់ បុ៑នឡេង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងម្នាក់ទៀត ឈ្មោះ ហូ សំបូរ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួលខាងលើ ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន២កញប់តូច កន្ត្រៃ២,កាំបិតចុងស្រួច១ នឹងឧករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ។
ដោយឡែកករណីទី២ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច សហការជាមួយ កម្លាំងនគរបាលខេត្ត ចុះប្រតិបត្តិការនៅចំនុចចំការដើមចន្ទី ភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ធ្វើឡើងនៅវេលាម៉ោង១០និង១៥នាទី ។ ក្នុងពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ទួន មូសាភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ អូរឬស្សីឃុំ អូរឬស្សី ស្រុកកំពងត្រឡាច ខេត្តកំពង់ឆ្នាំង ជាអ្នកចែកចាយគ្រឿងញៀន ។ ក្នុងពេល ឃាត់ខ្លួនបាន សមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន៤៤កញ្ចប់ ថង់សម្រាប់ច្រកគ្រឿងញៀន ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និង ទូរស័ព្ទដៃ ០១ គ្រឿងផងដែរ ។
សមត្ថកិច្ចបានអោយដឹងថា ក្នុងប្រត្តិបត្តិការបង្ក្រាបនេះ ក្រោយពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមជំនាញ និង ការផ្តល់នូវព័តមានជាក់លាក់ អំពីសកម្មភាពរបស់ជនសង្ស័យដែលបានប្រមូលផ្តុំគ្នាមកប្រើប្រាស់និងចែកនៅក្នុងមូលដ្ឋានខាងលើ កម្លាំងនគរ បាលការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្រុកកំពង់ត្រឡាច និង ក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និង ថ្នាំញៀន៤៦កញ្ចប់ ផងដែរ ។
ជនសង្ស័យទាំង៣នេះបានយកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា