ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមនិស្សិតនិងអ្នកភូមិនៅសៀមរាបបារម្ភបាត់បង់គល់ដើមគ្រញូងនៅតំបន់អង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមនិស្សិត និងអ្នកភូមិមួយចំនួន នៅខេត្ដសៀមរាប បានសម្ដែងការព្រួយបារម្ភ ខ្លាចជនខិលខូចលួចគាស់កកាយយកគល់ឈើគ្រញូងមួយដើម នៅមាត់កស្សិណអង្គរធំ ដោយថា បើសិនគ្មានអាជ្ញាធរថែរក្សា និងការពារនោះទេ។

ក្ដីបារម្ភនេះ កើតឡើងបន្ទាប់ពី មន្ដ្រីអាជ្ញាធរជាតិអប្សរាមួយក្រុម បានលួចកាប់ផ្ដួលរលំដើមរបស់វា កាលពីថ្ងៃទី៥ ខែវិច្ឆិកា បន្សល់ទុកគល់របស់វាគ្មានវិធានការការពារពីសមត្ថកិច្ចជំនាញ។

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា មែកដើមគ្រញូងដែលនៅសល់ ត្រូវបានអាជ្ញាធរជាតិអប្សរា បង្ហូរទឹកពន្លិចក្នុងកស្សិណអង្គរធំ ដែលគេសង្ស័យថា បំបាត់ភស្ដុតាង ឬបិទបាំងភាពអាម៉ាសរបស់ខ្លួន ។

និស្សិតមកពីសាកលវិទ្យាល័យបៀលប្រាយខេត្ដសៀមរាប លោក លាក់ តុលា និងលោក សេង ស៊ុនថៃ សម្ដែងការព្រួយបារម្ភប្រហាក់ប្រហែលគ្នាថា គល់គ្រញូងនោះអាចនឹងមានជនខិលខូច លួចគាស់កកាយយកទៅធ្វើអាជីវកម្មបន្ថែមទៀត បើសិនអាជ្ញាធរគ្មានវិធានការថែរក្សាឬការពារនោះទេ ដោយថា កាលពីនៅរស់គេអាចលួចកាប់រលំបាន។

និស្សិតជំនាញផ្នែកទេសចរណ៍ទាំងនោះ អះអាងទៀតថា ការគាស់កកាយគល់ឈើនោះ អាចប៉ះពាល់ដល់ថ្មប្រាសាទនៅគល់ឈើនោះផងដែរ ។ ពួកគេបានចាត់ទុកគល់គ្រញូង ដែលមានអាយុកាល២០០ឆ្នាំ ជាវត្ថុដ៏មានតម្លៃមហាសាល និង ជាសម្បត្ដិបេតិកភ័ណ្ឌ ដែលមិនអាចកាត់ថ្លៃបាន ។ ពួកគាត់បន្ដថា៖ តាមបទពិសោធន៍ និងការសិក្សាពីទេសចរណ៍ គឺថ្មប្រាសាទ និងដើមឈើធម្មជាតិមានទំនាក់ទំងគ្នាមិនអាចអត់មួយណាបាន ដូចជានៅប្រាសាទតាព្រហ្មជាដើម ។ ប្រសិនជាដើមឈើបានងាប់នៅក្នុងដីហ្នឹង គឺវាមានឬសដើមឈើចឹងវាអាចធូរលុងដីវាអាចស្រុតបាក់ផ្ទាំងថ្ម ក៏ដូចជាតួប្រាសាទទាំងមូល ចឹងវាអាចទំនាក់ទំនងគ្នាជានិច្ច ។

អ្នកភូមិមួយរូប នៅភូមិនគរក្រៅ សង្កាត់គោកចក ដែលតែងដើរឃ្លាំមើលគល់ក្រញូងនោះលោក កុយ មុំ ឲ្យដឹងដែរថា រូបលោកនិងពលរដ្ឋចង់ឲ្យអាជ្ញាធរធ្វើរបងហុំព័ទ្ធជុំវិញ និងរោងបាំងម្លប់គល់ក្រញូងនោះ ដើម្បីទុកជាកេរដំណែលដល់ក្មេងជំនាន់ក្រោយ និងកន្លែងទីសក្ដារបូជាផងដែរ។លោកថា ការថែរក្សាបែបនេះ អាចធ្វើឲ្យជនខិលខូចខ្លាចរអារខ្លះៗ ។ លោកបន្ដថា៖ មានតែសុំថ្នាក់លើធ្វើជារោងធ្វើជាខ្ទមបិទបាំងកុំឲ្យវាក្ដៅឬធ្វើរានឲ្យពុទ្ធបរិសទ្ធគោរពបូជានៅថ្ងៃមុខកុំឲ្យបាត់បង់ធាតុដើមរបស់វា ។

ករណីនេះ មិនអាចទាក់ទងអភិបាលរងខេត្ដសៀមរាប ទទួលបន្ទុកបរិស្ថានលោក គឹម ឆៃហៀង ដើម្បីសាកសួរពីករណីនេះបានទេ ដោយលោកមិនលើកទូរស័ព្ទ។

ប៉ុន្ដែហ្វេសប៊ុកផ្លូវការ របស់រដ្ឋបាលខេត្ដសៀមរាប បានស្រង់សំដីអភិបាលខេត្ដលោក ឃឹម ប៊ុនសុង មកចុះផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា បង្ហាញថា ដើមឈើគ្រញូង ដែលកាប់បំផ្លាញនោះ បានដឹកទៅរក្សាទុកនៅវត្ដថ្មីដំរីសែនជ័យ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដើម្បីឲ្យពលរដ្ឋគោរពបូជា។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា តុលាការខេត្ដសៀមរាប បានសម្រេចឃុំខ្លួនមន្ដ្រីអាជ្ញាធរជាតិអប្សរា ចំនួន៥នាក់ នៅពន្ធនាគារបណ្ដោះអាសន្ន ដោយតុលាការចោទប្រកាន់ពីបទកាប់ដើមឈើប្រភេទកម្រ ក្នុងមាត្រ៩៨នៃច្បាប់ស្ដីពីព្រៃឈើ ។ ក្នុងចំណោម៥នាក់នោះ មានអគ្គនាយករងមួយរូប គឺលោក ឈរ ថាណាត និងប្រធានការិយាល័យបរិស្ថាន និងទេសភាពវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាលោក ចេវ ផល ដែលអាចប្រឈមជាប់ទោសពី២ឆ្នាំទៅ៥ឆ្នាំ ៕ ជានិរន្ដរ៍

1 se unnamed-1 unnamed-2 unnamed


ចែករំលែក៖