ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថលើផ្ទៃប្រទេសចាប់ឈើប្រណីតធ្នង់ជាង១រយសន្លឹកនិងច្រើនម៉ែត្រគូបបម្រុងឆ្លងដែនទៅវៀតណាម

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្តសាំយ៉ុង១គ្រឿង ក្នុងចំណោម៩គ្រឿង ដែលប៉ុនប៉ងដឹកជញ្ជូនឈើប្រណីតឆ្លងដែនចេញពីខេត្តក្រចេះ ទៅប្រទេសវៀតណាមត្រូវបានកងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ស្ទាក់ចាប់បានដោយសារការដឹកជញ្ជូនឈើនេះ គ្មានលិខិតស្នាមអនុញ្ញាតត្រឹមត្រូវ និងបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ។

ឈើប្រណីតប្រភេទឈើធ្នង់ ដែលគេអារផែជាសន្លឹកធំៗ មានចំនួន១១២សន្លឹក ស្មើនឹងជាង៤ម៉ែត្រគូប ត្រូវបានរឹបអូសជាមួយរថយន្តសាំយ៉ុង ពណ៌ស១គ្រឿង កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងទីប្រជុំជនស្រុកស្នួល ខេត្តក្រចេះ ខណៈដែលរថយន្តដឹកឈើទាំងនេះ បម្រុងចរាចរណ៍ឈើល្មើសច្បាប់ ចេញទៅប្រទេសវៀតណាម តាមច្រករបៀងជាច្រើនកន្លែងនៅស្រុកស្នួល ។

មិនទាន់មានព័ត៌មានជាក់លាក់ពីអត្តសញ្ញាណម្ចាស់ឈើ ឬអ្នកបើកបររថយន្តដឹកឈើនៅឡើយ ដោយសារតែអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តបានរត់គេចខ្លួន ខណៈក្រុមសមត្ថកិច្ចស្ទាក់ឃាត់រថយន្តដឹកឈើល្មើសច្បាប់នេះ ។ ប៉ុន្តែបើតាមការអះអាងពីសមត្ថកិច្ចនៅក្នុងខេត្តក្រចេះ បានបង្ហើបឱ្យដឹងថា រថយន្តដឹកឈើដែលសមត្ថកិច្ចចាប់បង្ក្រាបនេះ ជារបស់មេឈ្មួញម្នាក់ឈ្មោះ ធីកាប៉ូ មានទីលំនៅក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

សមត្ថកិច្ចបាននិយាយទៀតថា កាលពីរាត្រីម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឈ្មោះ ធីកាប៉ូ បានដឹកជញ្ជូនឈើប្រណីតប្រភេទធ្នង់ តាមរយន្តធុនតូច, ធំ ចំនួន៩គ្រឿង ក្នុងនោះ រថយន្តសាំងយ៉ុង៦គ្រឿង រថយន្តកាមរីបាឡែន២គ្រឿង និងតាមរថយន្តកាមរីហើម១គ្រឿង ចេញពីខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ៧ ចូលមកខេត្តក្រចេះ ដើម្បីយកទៅលក់នៅប្រទេសវៀតណាម ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីរថយន្តដឹកឈើល្មើសច្បាប់របស់ ឈ្មោះ ធីកាប៉ូ ទាំង៩គ្រឿង បានរត់បន្តកន្ទុយគ្នា ពាសពេញផ្លូវឆ្លងកាត់ខេត្តក្រចេះហើយនោះ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ក៏បានចាំស្ទាក់ចាប់នៅក្នុងទីប្រជុំជនស្រុកស្នួល ចាប់បង្ក្រាបបាន១គ្រឿង ចំណែក៨គ្រឿងទៀត ត្រូវក្រុមឈ្មួញបើករត់គេចឆ្ពោះទៅប្រទេសវៀតណាមតែម្តង ។

ទាក់ទិនករណីបង្ក្រាបនេះដែរ នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល លោក ឡាយ ធុច បាននិយាយថារថយន្តដឹកជញ្ជូនឈើប្រណិតនេះមិនមានលិខិតអនុញ្ញាតនាំចេញទើបមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ចាប់ឃាត់ទុកដើម្បីស្វែងរកអត្តសញ្ញាណម្ចាស់ឈើឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ។

លោកនាយសង្កាត់បន្តថា ឈើដែលផ្ទុកនៅក្នុងរថយន្តសាំយ៉ុងដែលក្រុមឈ្មួញបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាមនោះ គឺមានចំនួន១១២សន្លឹក សុទ្ឋសឹងជាឈើប្រណិតប្រភេទធ្នង់ ស្មើរនិងជាង៤ម៉ែត្រគីប ហើយពេលនេះមន្ត្រីជំនាញកំពុងតែបំពេញបែបបទឯកសារ បញ្ជូនសុំណុំរឿងបន្តមកតុលាការ ។

ពាក់ពន្ឋនិងការបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណីតបម្រុងឆ្លងទៅប្រទេសវៀតណាមនេះ ពលរដ្ឋនៅក្នុងស្រុកស្នួល បានសាទរលើការបង្ក្រាបនេះនិងសុំឲ្យសមត្ថកិច្ចបង្ក្រាបចាត់វិធានការផ្លូវច្បាប់រកជនពាក់ព័ន្ធជំនួញឈើខុសច្បាប់នេះ មកទទួលខុសត្រូវចំពោះមុខច្បាប់ ។ ពលរដ្ឋបានបន្តថា កន្លងទៅនេះការដឹកជញ្ជូនឈើប្រណិតឆ្លងដែនទៅប្រទេសវៀតណាមគឺធ្វើឡើងគ្រប់រូបភាពតាមរយៈប្រជាពលរដ្ឋដឹកជញ្ជូនតាមម៉ូតូតាមរយៈរថយន្តតូច,ធំជាដើម ចំណែកសមត្ថកិច្ចនៅក្នុងខេត្តក្រចេះនេះវិញ គឺមិនមានចំណាត់ការចាប់បង្ក្រាបនោះទេ គឺឃើ់ញតែក្រុមសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន្ត បានពង្រាយកម្លាំងចាំរាប់ក្បាលឡានគិតលុយទៅវិញ ៕ កោះទ្រុង

unnamed-1 unnamed-2 unnamed-3 unnamed-4 unnamed


ចែករំលែក៖