ខេត្តកំពង់ធំ៖ លោក អិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ បញ្ជាឲ្យសមត្ថកិច្ចចាប់គ្រូបង្រៀនម្នាក់ នៅវិទ្យាល័យហ៊ុន សែនបល្ល័ង្គ ក្រុងស្ទឹងសែន ពីបទ ចាប់រំលោភសេពសន្ថវ:លើអនីតិជនបានសម្រេច៤ដង ក្រោយពីទទួលបណ្ដឹងពីម្ដាយជនរងគ្រោះកាលពីរសៀលថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៦។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលឪពុកក្មេងរងគ្រោះចេញទៅធ្វើការសំណង់ ឯ ម្ដាយចេញទៅលក់ដូររកស៊ីតិចតួច ដើម្បីចិញ្ចឹមកូនៗក្នុងជីវភាពក្រីក្រ នោះ ជនសង្ស័យបានឆ្លៀតឱកាសចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេចរហូត៤ដង គឺថ្ងៃទី៧ , ៨ ,៩,និងថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ២០១៦ ក្រោយមកបានដឹងដល់ម្ដាយ ក៏ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចតែម្ដង។
តាមបណ្តឹងរបស់ម្តាយជនរងគ្រោះឈ្មោះ សន ស៊ីលី អាយុ ៤១ ឆ្នាំ នៅភូមិពោធិបាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន កាលពីថ្ងៃទី១៥ខែវិច្ចិកា ឆ្នាំ២០១៦បានអោយដឹងថា មានអំពើរំលោភសេពសន្ថវ:លើកូនស្រីរបស់គាត់ ឈ្មោះ អាយុ ១២ឆ្នាំ កាលពីថ្ងៃទី ៧,៨,៩ និងចុងក្រោយនៅថ្ងៃទី ១១ខែវិច្ចិការឆ្នាំ២០១៦ នៅលើផ្ទះជនរងគ្រោះតែម្តង ។
ក្រោយពីទទួលពាក្យបណ្តឹង និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា សមត្ថកិច្ចបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រី ឃីម ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន បល្ល័ង្គ ក្រុងស្ទងសែន នៅម៉ោង ១៩និង២០ថ្ងៃទី ១៥ ខែវិច្ចិកា ឆ្នាំ២០១៦តែម្តង ជនសង្ស័យនៅភូមិ-សង្កាត់ ជាមួយគ្នា។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពទទួលស្គាល់ ថាខ្លួនបានរំលោភកុមារីរងគ្រោះបាន ៤ ដង ដូចពាក្យបណ្តឹងពិតមែន ។
លោកញែម ឈុនលី អធិការក្រុងស្ទឹងសែនបានឲ្យដឹងថា ជនសង្ស័យនឹងបញ្ជូនបន្ដទៅស្នងការនគរបាលខេត្តកំពង់ធំនៅរសៀលថ្ងៃទី១៦ខែ វិច្ចិកា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្ដ ៕ ប៊ុនរិទ្ធី