មានការខ្សឹបខ្សៀវគ្នាក្នុងចំណោមអ្នកទិញដី ដែលនៅជារណ្តៅនៅឡើយស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ថា ក្រុមហ៊ុន SP Development មានតែរណ្តៅដី ដែលក្រុមហ៊ុនអះអាងថា មានប្រមាណ១៤ហិកតា អាចពុះច្រៀកជាឡូត៍បាន៩៦៨ឡូត៍ ។ ប៉ុន្តែការលក់ដីនៅលើប្លង់ (ក្រដាស់)ស្ទើរតែអស់ទៅហើយ តែដីធាតុពិតនៅជារណ្តៅនៅឡើយ ។ ប្រការនេះបានក្លាយទៅជាកង្វល់របស់អ្នកទិញ ក្នុងពេលដែលភាគីក្រុមហ៊ុនចេះតែបង្ខំឲ្យអតិថិជនបង់ប្រាក់ផ្តាច់ ។
ប្រភពពីអ្នកទិញបានឲ្យដឹងថា ក្រុមហ៊ុនបានសន្យាធ្វើផ្លូវបេតុង រៀបចំប្រព័ន្ធទឹកភ្លើងឲ្យរួចរាល់នៅអំឡុងខែសីហា ឆ្នាំ២០១៦ ។ ប៉ុន្តែមកដល់ពេលនេះ រណ្តៅដីមិនទាន់បានចាក់លុបនៅឡើយផងទេ ។ អតិថិជន ស្ទើរតែ៧០ឬ៨០ភាគរយបានទិញដីពុះឡូត៍នៅលើប្លង់ក្រដាស់ ដោយមិនដឹងថា ដីនោះនៅទីណាឲ្យពិតប្រាកដ ។ ដីក្នុងមួយឡូត៍មានតម្លៃចាប់ពី៨ពាន់ដុល្លារឡើងទៅ ដូច្នេះ គេគណនាឃើញថា ក្រុមហ៊ុនអាចប្រមូលប្រាក់បានច្រើនពីការលក់ដីរបស់ខ្លួន ។
អតិថិជនកំពុងជ្រួលច្របល់ខ្សឹបខ្សៀវគ្នារកទីតាំងដីពិតប្រាកដរបស់ខ្លួនថា នៅទីណា ។ រីឯខាងក្រុមហ៊ុនចេះតែបង្ខំអតិថិជនរបស់ខ្លួនបង់លុយបង្រ្គប់ ។ ប៉ុន្តែអតិថិជនហាក់មានចិត្តរារែក ព្រោះតែសង្កេតឃើញថា ក្រុមហ៊ុនមិនបានបំពេញតាមកិច្ចសន្យារបស់ខ្លួននោះឡើយ ។ អតិថិជនជាច្រើនខ្សឹបខ្សៀវថា អាចមានផ្ទុះបញ្ហា ប្រសិនបើបញ្ហាមិនអាចរកដំណោះស្រាយសម្រាប់ការសន្យារបស់ខ្លួនបាននោះ ៕