ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងស្រាដើរទៅបត់ជើងរអឹលធ្លាក់ចូលស្រះទឹកលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដល់អ្នកភូមិនាំគ្នាចោមរោមមើលយ៉ាងច្រើនកកកុញ ខណៈប្រទះឃើញបុរសចំណាស់ម្នាក់ បានដេកស្លាប់ផ្កាប់មុខក្នុងស្រះទឹកខាងក្រោយផ្ទះ កាលពីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងភូមិសំរ៉ោង ឃុំគ្រួស ស្រុកស្វាយជ្រំ សង្ស័យស្រវឹងស្រារអឹលជើងធ្លាក់ស្រះ ។

តាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ ឃួន សុផល អាយុ៥៤ឆ្នាំ រស់នៅភូមិសំរ៉ោង ឃុំគ្រួស ស្រុកស្វាយជ្រំ ដោយមានប្រពន្ធឈ្មោះ អឹម ឡង អាយុ៥៦ឆ្នាំ មានកូនស្រីម្នាក់ ឈ្មោះ ឃួន ចាន់ណុន អាយុ១៧ឆ្នាំ ។

យោងតាមអ្នកភូមិបានប្រាប់ថា បុរសខាងលើជាមនុស្សស្រវឹងខួប ដោយដើរទៅទីណា គឺដេកកន្លែងហ្នឹង ខណៈដែលក្រុមគ្រួសារមិនសូវរវីរវល់ ព្រោះហាមមិនស្ដាប់ កុំអោយផឹកស្រា ប៉ុន្តែនៅតែផឹករហូតមិនលស់ថ្ងៃឡើយ ។

ប្រភពបន្តថា ដោយនៅថ្ងៃកើតហេតុ មានអ្នកភូមិដឹកគោដើរកាត់ខាងក្រោយផ្ទះជនរងគ្រោះ ស្រាប់តែមានការភ្ញាក់ផ្អើលឆោឡោ ខណៈឃើញបុរសចំណាស់ដេកស្លាប់ផ្កាប់មុខក្នុងទឹកស្រះបាត់ទៅហើយ ដោយត្រូវក្រុមគ្រួសារជួយសង្គ្រោះដែរ ប៉ុន្តែយឺតពេលទៅហើយ ខណៈសាកសពមានសភាពរឹង ។

តាមសមត្ថកិច្ចនគរបាលជំនាញពិនិត្យថា សាកសពស្លាប់រយៈពេលមួយយប់ទៅហើយ ដោយមិនមានស្លាកស្នាមអ្វីជាអំពើឃាតកម្មនោះទេ ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

3 1 2


ចែករំលែក៖