ខេត្តបាត់ដំបង៖ ជនជាតិវៀតណាមប្រុសស្រីចំនួន៧នាក់ រងការចាប់ឃាត់ខ្លួនពីនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោយពីសមត្ថកិច្ចចុះឆែកឆេរ ត្រួតពិនិត្យរកជនបរទេសមកស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងខេត្តបាត់ដំបង ។ យុទ្ធនាការនៃការចុះបង្ការទប់ស្កាត់ ជនបរទេសមករស់នៅខុសច្បាប់ក្នុងខេត្តបាត់ដំបងត្រូវគេមើលឃើញថានគរបាលអន្តោប្រវេសន៍បានចុះអនុវត្ត២លើកមកហើយគិតទាំងលើកចុងក្រោយនេះ ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយករដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងនគរបាលអន្តោប្រវេសន៍ចុះត្រួតពនិត្យកន្លែងសិប្បកម្មកែច្នៃឈើក្នុងក្រុងបាត់ដំបងចំនួន៨កន្លែង រកឃើញជនជាតិវៀតណាមចំនួន២៨នាក់ ដែលបានមកធ្វើការងារស្នាក់ជាជាងឈើក្នុងសិប្បកម្មទាំងនោះផងដែរ រកឃើញជនជាតិវៀតណាម៣នាក់ចូលមកធ្វើការងារគ្មានលិខិតឯកសារត្រឹមត្រូវ ហើយរងការបណ្តេញចេញពីប្រទេសកម្ពុជារួចហើយផងដែរ ។
ជនជាតិវៀតណាមទាំង៧នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ចុះទៅ ឃាត់ខ្លួននៅស្រុកសំពៅលូន និងស្រុកភ្នំព្រឹក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពី ពិនិត្យឃើញថាពួកគេមកស្នាក់នៅធ្វើការងារក្នុងប្រទេសកម្ពុជាគ្មានលិខិតស្នាមត្រឹមត្រូវ។ពួកគេនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏ត្រូវបាននគរបាលអន្តោប្រវេសន៍ខេត្តបាត់ដំបងចាប់បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីរៀបចំឯកសារបណ្តេញពួកគេទៅកាន់ប្រទេសដើមវិញ។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៥ នេះ បានខិតខំយ៉ាងខ្លាំងក្លា ក្នុងសកម្មភាពពង្រឹងច្បាប់អន្តោប្រវេសន៍នៅក្នុងប្រទេសជាបន្តបន្ទាប់ គឺរាជរដ្ឋាភិបាកម្ពុជា ក៏បានចាប់បញ្ជួនជនអន្តោប្រវេសន៍ដែលមកលេងជាទេសចរ និងមករស់នៅ ប្រកបមុខរបរខុសច្បាប់ ដោយបានបណ្តេញចេញទៅប្រទេសដើមវិញផងដែរ ។
នេះជាវិធានការដែលគេមើលឃើញថា ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់សន្តិសុខប្រទេស ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ និងដើម្បីទប់ស្កាត់រាល់នូវអំពើឧក្រិដ្ឋកម្ម ភេវកម្ម និងក៏ដើម្បីទប់ស្កាត់នូវការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ ៕ សំ វិច្ឆិកា