ខេត្តកណ្តាល: បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅគ្រាដែលជនរងគ្រោះជិះម៉ូតូត្រឡប់មកពីធ្វើការសំដៅទៅផ្ទះពេលមកដល់ពាក់កណ្តាលផ្លូវក៍ត្រូវរថយន្តដឹកទំនិញធន់ធ្ងន់បើកបុកចំពីមុខពេញទំហឹងកាលពីវេលាម៉ោង៨,៣០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AM-4382 មានឈ្មោះហ៊ុន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កម៉ាកFUZO ពណ៌ស ពាក់ស្លាកលេខ ក្រុងព្រះស៊ីហនុ 3A-0704 ក្រោយបង្កហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។
លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលគ្រោះថ្នាក់រថយន្តបង្កបើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញមកដល់កន្លែងកើតហេតុអ្នកបើកបរមានការធ្វេសប្រហែលបានបើកចូលទៅកន្លងផ្លូវម្ខាងទៀត ស្របពេលនោះជនរងគ្រោះជិះម៉ូតូមកដល់ក៍ត្រូវរថយន្តបុកចំពីមុខតែម្តងបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ។ បើយោងតាមការវាស់វែងរបស់ជំនាញចរាចរភាគីខាងរថយន្តជាអ្នកបង្ក តែភាគីខាងជនរងគ្រោះ ក៏រួមចំណែកខុសផងដែរគឺបើកបរទៅលើគន្លងផ្លូវសម្រាប់រថយន្ត មិនមែនបើកបរលើគន្លងផ្លូវរបស់ម៉ូតូនោះទេ ។
បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿងត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស