ភ្នំពេញ៖ ជនជាតិវៀតណាមម្នាក់មានជង្ងឺរបេងជាច្រើនឆ្នាំខូចចិត្តនឹងប្រពន្ធលែងរត់មកនៅកម្ពុជាបាន១ខែ ក្អួតឈាមស្លាប់ ។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង ៧ និង១៥ នាទីព្រឹក ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នំា២០១៦ នៅចំណុចផ្ទះគ្មានលេខក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឱ្យដឹងថា បុរសដែលស្លាប់នោះមានឈ្មោះ ដូរ យ៉ាំងដាំង ភេទប្រុស អាយុ ៤១ឆ្នាំ មានមុខរបរកម្មករសំណង់ ជនជាតិវៀតណាម ស្នាក់នៅកើតហេតុខាងលើមានស្រុកកំណើតនៅប្រទេសវៀតណាម ។
សមត្ថកិច្ចបានបន្តឱ្យដឹងថា បុរសខាងលើទើបតែលែងប្រពន្ធបានជាង១ខែហើយខូចចិត្តនឹងប្រពន្ធសុំលែង ក៏រត់មកនៅប្រទេសកម្ពុជា សុំស្នាក់នៅជាមួយស្ត្រីម្នាក់ជាជនជាតិវៀតណាមដែរ ដែលត្រូវជាមិត្តភក្កិម្តាយបុរសខាងលើតាំងពីមកស្នាក់នៅបាន១ខែមក ជនរងគ្រោះឧស្សាហ៍មានអាការៈក្អកធ្លាក់ឈាមជាញឹកញាប់
តែជនរងគ្រោះមិនដែលទៅមន្ទីរពេទ្យ ឬទិញថ្នាំមកលេបនោះទេ ថែមទាំងហូបស្រាសជាប្រចាំថ្ងៃ ទើបធ្វើឱ្យរូបគេធ្លាក់ខ្លួនឈឺបែបនេះ។
សមត្ថកិច្ចបានបន្តទៀតថា នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា គេឃើញជនរងគ្រោះមានទឹកមុខស្រពបស្រពោន ហើយមានអាការៈក្អកធ្លាក់ឈាម ហើយគេឃើញជនរងគ្រោះបានចូលសំរាកដូចសពដង លុះព្រឹកឡើង គេឃើញដេកដណ្តប់ភួយមិនក្រោក ក៏នាំគ្នាទៅដាស់ឱ្យក្រោក ស្រាប់តែខ្លួនជនរងគ្រោះមានសភាពរឹងស្តូក មិនដឹងស្លាប់តាំងពីណានោះទេ ។ ក្រោយមក ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលរដ្ឋាន ចុះមកធ្វើកំណត់ហេតុ ប្រគល់សពទៅឱ្យក្រុមគ្រួសារយកសាកសពទៅតំកលនៅវត្តទួលអស់លោកដើម្បីធ្វើបុណ្យ។
បញ្ហារបេងបច្ចុប្បន្នមិនមែនមេីលមិនជានោះទេ ។ តែរឿងសំខាន់នោះជនរងគ្រោះបានទៅពិភាក្សាជាមួយគ្រូពេទ្យដែរឬអត់ ៕ អរុណរះ