ប៉ោយប៉ែតៈ បុរសម្នាក់ផឹកស្រាស្រវឹង ក្នុងកម្មវិធីបុណ្យសពម្ដាយ វាយអតីតប្រពន្ធបែកក្បាល ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែររោងបុណ្យសពម្ដាយ ឋិតក្នុងភូមិប្រសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចប្រាប់ថា បុរសជាជនដៃដល់មានឈ្មោះ សយ សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនប្រាកដ រស់នៅក្នុងភូមិកើតហេតុ ចំណែកជនរងគ្រោះ ឈ្មោះសុខ ដា ហៅឡឹប ភេទស្រី អាយុ៣១ឆ្នាំ នៅក្នុងភូមិជាមួយ(អតីតជាប្រពន្ធ) ។
សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ស្រ្តីជនរងគ្រោះដែលអតីតត្រូវជាប្រពន្ធជនសង្ស័យនោះ បានទៅជួយចាត់ចែងធ្វើបុណ្យសពម្ដាយក្មេក ត្រូវជាម្ដាយបង្កើតជនសង្ស័យ រហូតដល់ម៉ោង៨យប់ ថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ យប់កាន់តែជ្រៅ ស្រ្តីរងគ្រោះបានធ្វើដំណើរមកផ្ទះ ដោយឈ្មោះ សយ សំនាង ភេទប្រុស ត្រូវជាប្អូនប្រុសរបស់ សយ សំណាង ជាជនដៃដល់ បានយកម៉ូតូឌុបមកផ្ទះ គ្រានោះជនដៃដល់ឈ្មោះសយ សំណាង សង្ស័យប្រចណ្ឌទៅលើប្អូនប្រុសរបស់ខ្លួន ដែលឌុបស្រ្តីរងគ្រោះមកផ្ទះ ក៏រត់តាមម៉ូតូ ទាញពិលវាយចំក្បាលបណ្ដាលឲ្យបែកហូរឈាម ហើយស្ត្រីរងគ្រោះធ្លាក់ពីលើម៉ូតូបណ្ដាលឲ្យដួលសន្លប់ ។ ក្រោយពីកើតហេតុជនដៃដល់ត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត ចាប់ខ្លួនមកសួរនាំ ហើយក្រោយពីសួរនាំរួចរាល់ ជនដៃដល់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចសមត្ថកិច្ចចោទសួរមែន ។
ជនសង្ស័យនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសាកសួរធ្វើកំណត់ហេតុ និងបញ្ជូនបន្តទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា