ខេត្តកណ្តាលៈ បុរស២នាក់ជាបុគ្គលិកផ្នែកតម្លើងខ្សែកាបិ្លអ៊ុបទិចរបស់ក្រុមហ៊ុនមិត្តហ្វូនត្រូវបានចរន្តអគ្គិសនីឆក់ធ្លាក់ពីលើបង្គោលភ្លើង បណ្តាលឲ្យរងរបួសធ្ងន់ គ្រាដែលជនរងគ្រោះទាំង២នាក់កំពុងបំពេញការងារឲ្យក្រុមហ៊ុន កាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលភ្លើងខាងមុខផ្ទះរបស់ឈ្មោះ ស្រ៊ុន វណ្ណា ស្ថិតក្នុងភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រិន កា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនមិត្តហ្វូន មានទីលំនៅភូមិសំរោង ឃុំបារាយ ស្រុកបារាយ ខេត្តកំពង់ធំ ម្នាក់ទៀតឈ្មោះ កៅ គុន ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនមិត្តហ្វូន មានទីលំនៅភូមិត្រពាំខ្ទឹម ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ និងមិត្តរួមការងារ៧នាក់ទៀតបាននាំគ្នារៀបចំតម្លើងខ្សែកាបិ៍អ៊ុបទិចដាក់លើបង្គោលភ្លើងតាមផ្លូវ ។ ពេលនោះជនរងគ្រោះទាំង២នាក់បានឡើងទៅលើបង្គោលភ្លើងតែមួយ ខណៈនោះក៏ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឲ្យធ្លាក់រងរបួសយ៉ាងធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានមិត្តរួមការងារនិងសមត្ថកិច្ចដឹកបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំល្វាសរ ៕ស្អាងជ័យ