ខេត្តព្រះសីហនុ ៖ គណៈកម្មការចម្រុះ របស់អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំ ដោយលោក សុខ ផន អភិបាលរងខេត្ត ព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ បានចុះវាស់វែងទីតាំងដីទំនាស់ មួយកន្លែង ស្ថិតនៅភូមិពូធឿង ឃុំបិត ត្រាំង ស្រុកព្រៃនប់ ដែលជាទីតាំងដីទំនាស់ រវាងប្រជាពលរដ្ឋ៤៤គ្រួសារ នឹងឈ្មោះ ប៉ុក ប៉ាន់ ជាមន្ត្រីមានបុណ្យស័ក្តិធំនៅរាជធានីភ្នំពេញ ។
គោលបំណង នៃការវាស់វែងនាពេល នេះគឺចង់រកចំណុចជាន់គ្នា ឬចំណុចវិវាទ ដើម្បីរកដំណោះស្រាយតាមផ្លូវច្បាប់ ។
លោក សុខ ផន អភិបាលរងខេត្ត បាន ឲ្យដឹងថា នេះជាលើកទី៣ហើយ ដែល គណៈកម្មការចម្រុះរបស់អាជ្ញាធរខេត្ត ចុះវាស់វែងលើទីតាំងដីចំណុចខាងលើខណៈដែលការចុះវាស់វែងចំនួន២លើក កន្លងមកមិនទទួលបានលទ្ធផលនោះទេ ទើបពេលនេះថ្នាក់ដឹកនាំអាជ្ញាធរខេត្តបាន សម្រេចបង្កើតគណៈកម្មការចុះវាស់វែង ម្តងទៀត ដើម្បីឲ្យប្រាកដថាចំណុចវិវាទ ពិតប្រាកដនៅកន្លែងណា ដើម្បីដោះស្រាយតាមផ្លូវច្បាប់ហើយលទ្ធឋផលយ៉ាងណានោះអាចនឹងដឹងនៅពេលក្រោយ ។
លោក សេង សុខណាក់ មន្ត្រីភូមិបាល ស្រុកព្រៃនប់បានបញ្ជាក់ថា ការចុះវាស់វែង នាពេលនេះ គ្រាន់តែឲ្យដឹងពីទិន្នន័យច្បាស់លាស់ ដើម្បីផ្ទៀងផ្ទាត់លើចំណុច ដែលសង្ស័យថាមានវិវាទ រវាងម្ចាស់ដី មានបណ្ណកម្មសិទ្ធិនឹងប្រជាពលរដ្ឋរស់នៅ ជាក់ស្តែង ដែលមិនទាន់មានបណ្ណកម្មសិទ្ធិក្នុងគោលដៅរកដំណោះស្រាយតាមផ្លូវ ច្បាប់ ។
គួរបញ្ជាក់ផងដែរថា ទីតាំងដីខាងលើ នេះត្រូវបានប្រជាពលរដ្ឋ៤៤គ្រួសារអះអាងថា ពួកគាត់បានរស់នៅនិងកាន់កាប់រយៈ ពេលជិត៣០ឆ្នាំមកហើយ និងមិនធ្លាប់ លក់ទៅឲ្យអ្នកណាម្នាក់ ក្រៅពីលោក ស្រី អ៊ូន សនធីតា និងលោក ហុក ឌី និងអ្នក ស្រី លី សុខងីមនោះទេ ប៉ុន្តែក្រោយមក ស្រាប់ តែមានឈ្មោះ ប៉ុក ប៉ាន់ បានមក ប្តឹងប្រជា ពលរដ្ឋថា រស់នៅលើដីរបស់គាត់មាន បណ្ណកម្មសិទ្ធិចំនួន២០បណ្ណ ហើយក៏ មានការតវ៉ាគ្នារហូតមកដល់ពេលនេះតែ ម្តងទៅ ។
ប្រជាពលរដ្ឋរងគ្រោះសង្ឃឹមថា ការចុះ វាស់វែងលើកនេះអាចនឹងបញ្ចប់បញ្ហា ពី ព្រោះការចុះវាស់វែងជាក់ស្តែង ហាក់មិន មានការជាន់គ្នានោះទេ ដូចនេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ផង ។
ប្រជាពលរដ្ឋ៤៤គ្រួសារ និងលោកស្រី លី សុខងីម លោកស្រី អ៊ូន សនធីតា ដែល ជាម្ចាស់ដីបានបញ្ជាក់ថា ដីរបស់គាត់ជា មួយនឹងដីភាគីវិវាទ៣៦បណ្ណ មិនមានការ ជាន់គ្នាទេ ពីព្រោះដីរបស់ប្រជាពលរដ្ឋដែលមានទំហំខាងលើតាមគំនូសបង្ហាញគឺខណ្ឌ ដាច់ដោយអូរបីប្រៃ និងមានគម្លាតពីគ្នា ចម្ងាយប្រមាណជាង១គីឡូម៉ែត្រ ជាមួយ និងព្រំប្រទល់មាននៅក្នុងបណ្ណរឹងរបស់ ភាគីវិវាទលោក ប៉ុក ប៊ុណ្ណារិទ្ធ លោកស្រី ឆាយ ណយ លោក ហូ សារ៉េត និងលោក លីវ ម៉ូវ ដែលកំពុងតែមានជម្លោះជាមួយ ប្រជាពលរដ្ឋទាំង៤៤គ្រួសារ និងលោកស្រី ទាំងពីរនាក់ខាងលើ បានទិញដីពីប្រជាពល រដ្ឋទាំង៤៤គ្រួសារពិតមែនហើយកាន់កាប់ តាំងពីឆ្នាំ២០០៧មករហូតថ្ងៃនេះ ដោយ មានឯកសារត្រឹមត្រូវតាមផ្លូវច្បាប់ ។
ប្រជាពលរដ្ឋទាំង៤៤គ្រួសារសង្ឃឹមថា បន្ទាប់ពីគណៈកម្មការរដ្ឋបាលសាលាខេត្ត ព្រះសីហនុនិងមន្ត្រីមន្ទីរជំនាញ ដែលបាន ចុះវាស់វែងតាមពេលវេលាខាងលើនឹងចេញលទ្ធផលជាផ្លៃផ្កាទៅតាមការអះអាងរបស់ប្រជាពលរដ្ឋ ហើយត្រូវបានបញ្ចប់ជម្លោះដ៏រាុំរ៉ៃខាងលើក្នុងពេលដ៏ខ្លីខាងមុខ ។
ការដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃនៅភូមិ ពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់នាពេល នេះ សង្ឃឹមថាគណៈកម្មការចម្រុះរបស់ សាលាខេត្តព្រះសីហនុ ដឹកនាំដោយលោក សុខ ផន ក្នុងការចុះវាស់វែង កំណត់ព្រំដី នៅពេលនេះនឹងឈានដល់ការបញ្ចប់វិវាទ ដើម្បីភាពត្រឹមត្រូវ ប្រកបដោយយុត្តិធម៌ ជូនលោកស្រី លី សុខងីម និងលោកស្រី អួ៊ន សនធីតា នៅភូមិធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនាពេលឆាប់ៗ ខាងមុខនេះ ៕ ឆ្លាមសមុទ្រ