ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ យាយម៉ាយ បន្តដឹកឈើកក្រើកស្រុកអន្លង់វែង

ចែករំលែក៖

ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ យាយ ម៉ាយ នៅតែបន្តសកម្មភាពរកស៊ីដឹកឈើខុសច្បាប់ជារៀងរាល់ថ្ងៃ ។ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ក៏ដូចជាខេត្តឧត្តរមានជ័យត្រូវគេរាយការណ៍ថា ជាអ្នកទទួលបានលាភសក្ការច្រើនពីឈ្មួញដឹកឈើម្នាក់នេះ ។ សកម្មភាពដឹកឈើធ្វើឡើងទាំងយប់ ទាំងថ្ងៃចេញពីតំបន់ព្រៃនៅក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ឆ្ពោះមកខេត្តសៀមរាប ។

គេរាយការណ៍ថា សមត្ថកិច្ចនៅស្រុកអន្លង់វែងមិនហ៊ានជាមួយយាយម៉ាយ ទេ ។ ការបង្ក្រាបកន្លងមក គឺទ្រង់ទ្រាយតូច ឬដើម្បីវាយស្មៅបង្អើលពស់ប៉ុណ្ណោះ ។ ឈ្មួញដូចយាយ ម៉ាយ ត្រូវរកស៊ីចិញ្ចឹមសមត្ថកិច្ច ជាពិសេស រដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដី ថ្នាក់ ស្រុក ខេត្ត ។ មន្ត្រីជំនាញសុទ្ធតែដឹងកន្លែងស្តុកឈើរបស់យាយ ម៉ាយ ប៉ុន្តែគ្មាននរណាហ៊ានទៅជិតនោះឡើយ ។ គ្មានអ្វីធំជាងផលប្រយោជន៍នោះទេ ។ យាយ ម៉ាយ ហត់នឿយជាមួយនឹងរបររកស៊ីដឹកឈើ ដែលមួយផ្នែកធំសម្រាប់ចិញ្ចឹមសមត្ថកិច្ចជំនាញ និងអាជ្ញាធរនៅក្នុងស្រុកអន្លង់វែង ក៏ដូចជាខេត្តឧត្តរមានជ័យ ។

ប្រភពបានឲ្យដឹងថា ការដែលយាយម៉ាយ ក្លាយជាឈ្មួញប្រមូលទិញឈើ និងដឹកជញ្ជួនឈើនៅក្នុងខេត្តឧត្តរមានជ័យយ៉ាងរលូន ដោយសារមានការជ្រោមជ្រែងពីមន្ត្រីនគរបាលដ៏មានឥទ្ធិពលម្នាក់នៅក្នុងខេត្តនេះផងដែរ ។ អ្នកខ្លះនិយាយថា ប្រសិនបើយាយ ម៉ាយ ឈប់រកស៊ីនោះ ពួកសមត្ថកិច្ច ដែលធ្លាប់លូកដៃសុំលុយយាយម៉ាយ ប្រាកដជាដាច់ពោះស្លាប់មិនខាន ។ យ៉ាងដូច្នេះ យាយ ម៉ាយ ជាឆ្នាំងបាយដ៏សំខាន់របស់សមត្ថកិច្ចមួយចំនួននៅក្នុងស្រុកត្រពាំងប្រាសាទ, ស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ ៕

yeay-mai


ចែករំលែក៖