ខេត្តសៀមរាប៖ រថយន្តសាំងយ៉ុង១៥កៅបុកជាមួយម៉ូតូម៉ាកហុងដា ជិះគ្នា៣នាក់ យ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ ២នាក់នៅហ្នឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជាបន្ទាន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ចូលទៅអាជ្ញាធរអប្សារា ស្ថិតក្នុងភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកវរសេនីយ៍ត្រី ប៉ោះ ចន្ថា អធិការនគរបាលរងស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តសាំងយ៉ុង ១៥ កៅ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ ២ AI១៩៤៤ បុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ យ៉ាងពេញទំហឹងបណ្ដាលឱ្យ មនុស្សប្រុសពីរនាក់បានស្លាប់នៅហ្នឹងកន្កែងនិងម្នាក់ទៀតរងរបួសធ្ងន់។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា រថយន្ដសាំយ៉ុង បានបើកពីទិសលិចទៅកើត ស្របពេលម៉ូតូបើកឆ្លងកាត់ផ្លូវឡើងពីត្បូង ហើយបត់ទៅលិចដោយមិនមានការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់នេះកើតឡើងតែម្ដង ជនរងគ្រោះទាំងបីនាក់មាន៖ ទី១-ឈ្មោះ វឿន វុន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នកបើកបរ (ស្លាប់) ទី២-ឈ្មោះ សន សម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប រួមដំណើរ (ស្លាប់) និងទី៣-ឈ្មោះ វឿន វ៉ុន ភេទប្រុស អាយុ៣៨ឆ្នាំ ឆ្នាំ រស់នៅភូមិសំបាត ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប រួមដំណើរ(រងរបួសធ្ងន់)។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដ បានចុះរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ទាំង២នាក់ បន្ទាប់ពីធ្វើកំណត់ហេតុ និងវាស់វែងរួចហើយ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងសមត្ថកិច្ចនគរបាល យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ ប៊ុន រិទ្ធី