ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៤នាក់រងរបួសធ្ងន់ ស្រាល ដោយសាររថយន្តរបស់មន្ត្រីភូមិបាលស្រុកស្អាងបើកបុក

ចែករំលែក៖

ខេត្តកណ្តាលៈ មនុស្ស៤នាក់ជិះម៉ូតូ២គ្រឿងផ្សេងគ្នា បានទទួលរងរបួសធ្ងន់ ស្រាល បន្ទាប់ពីត្រូវរថយន្តនីសាន់ណាវ៉ារ៉ារបស់មន្ត្រីភូមិបាលស្រុកស្អាងបើកបុកជាបន្តបន្ទាប់ នៅលើកំណាត់ផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

អ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួន ធ្វើការវាស់ជាតិអាកុលរកឃើញថា មានជាអាកុលរហូតដល់ទៅ០.៧៧មីលីក្រាមក្នុងមួយលីខ្យល់ ។ តាមនីតិវិធីអ្នកបើកបររថយន្តបង្កត្រូវចាប់ខ្លួន ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះត្រូវបានរថយន្តសាមុយស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តបង្កម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2O-7773 បើកបរដោយឈ្មោះ ផុន ផាត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាមន្ត្រីភូមិបាលស្រុកស្អាង មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ។ ចំណែកឯជនរងគ្រោះក្នុងករណីទី១-ឈ្មោះ នៅ ជឿន ភេទប្រុស អាយុ៤២ឆ្នាំ (របួសស្រាល) មានទីលំនៅក្នុងភូមិលេខ៩ ឃុំត្រើយស្លា ស្រុកស្អាង ជិះម៉ូតូម៉ាកស៊ីធី ធុនសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល1B-3153 និងមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ជឿន ឧស្សាហ៍ ភេទប្រុស អាយុ៤ឆ្នាំ (ជាកូនប្រុសអ្នកបើកបរម៉ូតូរងរបួសធ្ងន់) ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះក្នុងករណីទី២-ឈ្មោះ ចំរើន គីម ភេទប្រុស អាយុ២១ឆ្នាំ (របួសស្រាល) មានទីលំនៅក្នុងភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ជិះម៉ូតូម៉ាហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ផល សុភាព ភេទប្រុស អាយុ២០ឆ្នាំ (រងរបួសបាក់ភ្លៅឆ្វេង) មានទីលំនៅក្នុងភូមិ/ឃុំជាមួយអ្នកបើកបរម៉ូតូ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ២១B ក្នុងទិសដៅពីត្បូងទៅជើង(ពីស្រុកស្អាងឆ្ពោះទៅក្រុងតាខ្មៅ)ដោយល្បឿនលឿន ។ លុះបើកដល់ចំណុចគល់ស្ពានស្លាកក្រហមរថយន្តបង្កបានជ្រុលទៅបុកម៉ូតូជនរងគ្រោះជិះស្របទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យម៉ូតូជនរងគ្រោះដួលបោកទៅលើផ្លូវធ្វើឲ្យជនរងគ្រោះ២នាក់ឪពុកកូនរងរបួសធ្ងន់ស្រាល ។

ក្រោយពីបុកម៉ូតូ បណ្តាលឲ្យមានមនុស្សរងរបួសអ្នកបើកបររថយន្តបង្កមិនប្រមឈប់រថយន្តទទួលខុសត្រូវនោះទេ គឺបានបន្ថែមល្បឿនបើករត់គេចខ្លួន ។ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាជិះម៉ូតូតាម រហូតបានប្រមាណ១គីឡូម៉ែត្រពីចំណុចកើតហេតុរថយន្តបង្កបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស២នាក់រងរបួសបន្ថែមទៀត ទើបប្រជាពលរដ្ឋចាប់ខ្លួនអ្នកបើកបររថយន្តប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅតែម្តង ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា អ្នកបើកបររថយន្តមានជាតិអាកុលពី០.០១រហូតដល់០.២៥ត្រូវធ្វើការអប់រំ ដោយឡែកពី០.២៥ដល់០.៣៩ត្រូវធ្វើការផាកពិន័យ ។ ចំណែកឯពី០.៣៩ឡើងទៅ ត្រូវធ្វើការចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ ។ ចំពោះមធ្យោបាយពាក់ព័ន្ធ និងអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ បញ្ជូនបន្តទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ ស្អាងជ័យ

asa-5 asa asa-1 asa-2 asa-3 asa-4


ចែករំលែក៖