ខេត្តកណ្តាលៈ ស្ត្រីម្នាក់យកគ្រឿងអលង្ការក្រឡៃដែលលួចបាន ទៅលក់ឲ្យអាជីវករលក់មាសផ្សារកោះធំ ជាហេតុធ្វើឲ្យមានការសង្ស័យ ទើបអាជីវករខាងលើនេះប្តឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្តរាគមន៍ចាប់ស្ត្រីខាងលើនេះ រហូតឈានដល់ចាប់ខ្លួនបក្ខពួក២នាក់បន្ថែមទៀតរឹបអូសវត្ថុតាងពាក់ព័ន្ធជាច្រើននៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ។
ករណីគាស់តូបលួចយកអលង្ការក្រឡៃនេះបានកើតឡើង កាលពីវេលាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចតូបអាជីវករផ្សារកោះទៀវ ស្ថិតក្នុងភូមិកោះទៀវ”ក” ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
លោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ម៉ន ឌុល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ ម៉ន សុខា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងទី៣-ឈ្មោះ សាន់ សុខជា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បិតស្កុតម៉ូតូ ។ ជនសង្ស័យទាំង៣នាក់នេះមានទីលំនៅក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ។ ចំណែកឯជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ អ៊ី លាងហ៊ង ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអាជីវករលក់គ្រឿងក្រឡៃនៅផ្សារកោះទៀវ មានទីលំនៅភូមិ កោះទៀវ”ក” ឃុំសំពៅពូន ស្រុកកោះធំ ទី២-ឈ្មោះ ឡឹប វៃ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ជាអាជីវករលក់សម្លៀកបំពាក់ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ។
លោកអធិការបានបន្តទៀតថា នៅមុនពេលកើតហេតុវេលាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះទាំង២នាក់បានបិតទ្វារតូបដោយចាក់សោរត្រមត្រូវ ទើបត្រឡប់ទៅស្នាក់នៅក្នុងលំនៅដ្ឋានវិញរៀងៗខ្លួន។លុះព្រឹកឡើងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ក៏ត្រឡប់មកបើកតូបលក់ជាធម្មតាវិញដូចសព្វមួយដង ខណៈនោះស្រាប់តែឃើញទ្វារតូបត្រូវបានគាស់ ក្នុងនោះតូបរបស់ឈ្មោះ អ៊ី លាងហ៊ង បានបាត់បង់គ្រឿងអលង្ការក្រឡៃអស់មួយចំនួនធំ រីឯតូបរបស់ឈ្មោះ ឡឹប វៃ បាត់តែខោទ្រនាប់បុរសចំនួន៨ និងកាបូបស្ពាយចំនួន១ ។
លោក ឈឿន ប៊ុនឆន បានបន្តទៀតថា ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះទាំង២នាក់ បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសំពៅពូន ។ បន្ទាប់ពីមានពាក្យបណ្តឹងរបស់អាជីវករ លោកបានបញ្ជាឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះទំនាក់ទំនងជាមួយអាជីវករផ្សេងទៀត បើមានជនណាយកគ្រឿងអលង្ការក្រឡៃមកលក់ត្រូវរាយការណ៍មកសមត្ថកិច្ចភ្លាមៗ ។ រំលងបានមួយថ្ងៃស្រាប់តែជនសង្ស័យឈ្មោះ ម៉ន សុខា យកគ្រឿងអលង្ការដែលលួចបានទៅលក់ឲ្យអាជីវករផ្សារកោះធំ ទើបសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ព្រមទាំងរឹបអូសវត្ថុតាងជាក់ស្តែងរួមមាន៖ រណាអារដែកចំនួន០១ ,ដែកកេះចំនួន០១ ,គ្រឿងអលង្ការក្រឡៃមួយចំនួនធំសរុបជាទឹកប្រាក់ប្រមាណ២.០០០.០០០រៀល និងកាបូបស្ពាយក្មេងប្រុសចំនួន០១ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ