ភ្នំពេញ៖ ស្ត្រីជាប្រពន្ធដោយទ្រាំនឹង ទម្ងន់ដៃរបស់លោកប្តីមិនបានក៏បានធ្វើ ដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅឲ្យជួយអន្តរាគមន៍ទៅចាប់ខ្លួនលោកប្តីដែលប្រើហិង្សាបណ្តាលឲ្យនាងប៉ោងមុខ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៣ ខែធ្នូ នៅចំណុចផ្ទះជួល ភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះឈ្មោះ យន់ នី អាយុ ២៩ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅចំណុច កើតហេតុខាងលើ មានស្រុកកំណើត នៅភូមិក្រសាំងក្រោម ឃុំបន្ទាយមាស ស្រុក បន្ទាយមាស ខេត្តកំពត។ ចំណែកលោកប្តី កំហូចដែលប្រើអំពើហិង្សាវាយប្រពន្ធឡើងប៉ោងភ្នែកនោះមានឈ្មោះ យ៉ាន់ យ៉ុន អាយុ ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើត ឯស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុប្តីគាត់មកពីរត់ម៉ូតូឌុបវិញបានដោះស្បែកជើងឃ្លុបដាក់លើទូចាន ឃើញដូចនោះគាត់បានប្រាប់ប្តីថាជួយ យកទៅដាក់កន្លែងដាក់ស្បែកជើងឲ្យបានត្រឹមត្រូវផងព្រោះស្បែកជើងនោះមានក្លិនស្អុយ។ ស្រាប់តែបុរសជាប្តីដែលមានជាតិ ស្រវឹងផងនោះបែរជាផ្ទុះកំហឹងវាយគ្មាន ប្រណីដៃបណ្តាលឲ្យគាត់ប៉ោងភ្នែកពោរមុខរហូតសន្លប់មួយសន្ទុះ។
ក្រោយកើតហេតុបន្តិចម្ចាស់ផ្ទះជួល បាននាំស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅដោយស្ត្រីជាប្រពន្ធ សំណូមពរដល់កម្លាំងសមត្ថកិច្ចឲ្យចាប់ប្តីខ្លួនទទួលខុសត្រូវតាមច្បាប់តែសមត្ថកិច្ចថាចាំព្រឹកទើបឃាត់ខ្លួនបុរសខាងលើយក មកសួរនាំ។
តាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធបានប្រាប់ ថា គាត់បានរៀបអាពាហ៍ពិពាហ៍៤ឆ្នាំហើយមានកូនស្រី១ខួបនិង១០ខែក្នុងបន្ទុក។ កាលពីគាត់ពពោះបីខែគាត់បានបែកបាក់គ្នា ម្តងហើយតែក្រោយពីសម្រាលកូនរួច លោកប្តីសុំជានាគ្នាវិញ ហើយនៅបន្តប្រើ អំពើហិង្សាមកលើគាត់ស្ទើររាល់ថ្ងៃដោយទ្រាំមិនបានក៏មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង៕ សហការី