ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានពន្ធនាគារខេត្តពោធិ៍សាត់ពុករលួយ

ចែករំលែក៖

ក្រុមមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ខ្សឹបខ្សៀវគ្នាប៉ុន្មានថ្ងៃកន្លងមកនេះរឿងលោក អៀ អៀម ពុករលួយ កិបកេងស៊ីលើស៊ីក្រោមគ្រប់កន្លែង ។ ករណីនេះកំពុងធ្វើឲ្យមន្ត្រីនៅក្រោមឱវាទជ្រួលច្របល់ខ្លាំង ។ អ្នកខ្លួះនិយាយថា លោកអៀ អៀម ប្រមូលលុយគ្រប់ច្រកដោយមិនគិតពីកូនចៅនោះឡើយ ។ គេនិយាយថា បើបានស៊ីហើយចេះចែករំលែកឲ្យកូនចៅគ្រាន់នឹងរស់នោះ វាគ្មានបញ្ហាទេ ។ ប៉ុន្តែលោក អៀ អៀម ពុករលួយលុយមួយខែៗរាប់រយលានរៀល មិនដែលចេះចែករំលែកដល់អ្នកក្រោមឱវាទនោះឡើយ គឺចែកតែគ្នាប៉ុន្មាននាក់ប៉ុណ្ណោះ ។

ប្រភពពីមន្ត្រីបុគ្គលិកនៃពន្ធនាគារខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោក អៀ អៀម ប្រើអំណាចប្រព្រឹត្តអំពើពុករលួយសព្វបែបយ៉ាងដូចជា កឹបកេងរបបអាហារហូបចុករបស់អ្នកទោស និងគាបយកលុយពីក្រុមគ្រួសារអ្នកទោសដែលសុំជួបសួរសុខទុក្ខសាច់ញាតិខ្លួនស្រេចតែអំពើចិត្ត។ ជាងនេះទៅទៀតលោក អៀ អៀម យកលុយពីសិប្បកម្មធ្វើតុទូ និងធ្វើគ្រឿងចម្លាក់ ព្រមទាំងប្រមូលលុយពីការទូរស័ព្ទរបស់អ្នកទោស និងបង្កើតកន្លែងលក់ចំណីអាហារក្នុងគុកជាប្រយោជន៍ផ្ទាល់ខ្លួន។ ការកឹបកេងប្រាក់ម្ហូបអាហាររបស់អ្នកទោសជាង៣៦០នាក់ក្នុង១ថ្ងៃ១លានរៀល ដូច្នេះ១ខែជាង៣០លានរៀល ហើយគេបើកឲ្យចុងភៅក្នុង១ថ្ងៃត្រឹម៤លានរៀលបូកនឹងការចំណាយទិញអង្ករសម្រាប់អ្នកទោសក្នុង១ខែ។

បញ្ហាដែលធ្វើឲ្យមន្ត្រី និងបុគ្គលិកពន្ធនាគារអត់ធ្មត់មិនបាន ហើយទម្លាយជាសាធារណៈនោះ គឺរឿងក្រុមគ្រួសារអ្នកទោសសុំជួបសាច់ញាតិដែលជាប់ឃុំដោយជួបក្នុង១លើកគេតម្រូវឲ្យបង់លុយ៥០០០រៀល ហើយចំណូលប្រចាំខែមានពី៦ទៅ៧លានរៀល។ ចំណូលទាំងអស់នេះត្រូវលោក អៀ អៀម និងបក្ខពួកប៉ុន្មាននាក់ឃុបឃិតគ្នាយកជាប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម ហេតុនេះហើយទើបមានការអំពាវនាវឲ្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងមហាផ្ទៃ ចាត់វិធានការទៅលើមន្ត្រីពុករលួយដូចជា លោក អៀ អៀម ជាបន្ទាន់៕

 


ចែករំលែក៖