ខេត្តពោធិ៍សាត់៖ ស្រី្តវ័យ៤០ឆ្នាំម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ ចោលកូន២នាក់ក្នុងបន្ទុកគ្រួសារ ខណៈត្រូវបានសមត្តកិច្ចអះអាងថា លោកប្ដីចិត្តសាហាវព្រៃផ្សៃកាប់០១កាំបិតផ្គាក់ ដែលគេសង្ស័យលោកប្តីចិត្តសាហាវរូបនេះ ស្រវឹងទាំងស្រាទាំងសារធាតុញៀនផងនោះ ហើយក៍កើតរឿងក្តៅក្រហាយភ្លើងប្រចណ្ឌផងដែរ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចត្រពងពង់(ផ្ទះជនរងគ្រោះ) ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌ពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារលោកប្តីចិត្តព្រៃផ្សៃកាប់ខាងលើនេះឈ្មោះ សួន ធី អាយុ ៤០ឆ្នាំ បច្ចុប្បន្នរស់នៅចំណុចនិងភូមិ-ឃុំកើតហេតុខាងលើ ស្រ្តីរងគ្រោះមានកូនចំនួន ០២នាក់ក្នុងបន្ទុកគ្រួសារ ប៉ុន្តែគេពុំបានបញ្ជាក់អំពីឈ្មោះ អាយុឬភេទនោះទេ។
ប្រភពបន្តថាការដែលស្រ្តីរងគ្រោះស្លាប់ចោលកូន០២នាក់នេះ ដោយសារលោកប្តីចិត្តសារហាវព្រៃផ្សៃរបស់គាត់ ទាញកាំបិតផ្គាក់កាប់ប្រពន្ធចំក្បាលផ្នែកខាងក្រោយបណ្ដាលឲ្យធ្លាយខួ ប្រកាច់ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងរន្ធត់ ហើយលោកប្តីចិត្តព្រៃផ្សៃនោះឈ្មោះ ឆេង សារិទ្ធ អាយុ ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំខាងលើ។
ប្រភពព័ត៌មានដដែលបន្តទៀតថា រឿងហេតុនេះអាចសន្ធិឋានផ្តើមចេញដោយជនដៃដល់(ប្តី) ឆេង សារិទ្ធ ស្រវឹងទាំងស្រាទាំងសារធាតុញៀន ហើយត្រូវបានសមត្តកិច្ចឃាត់ខ្លួនបានភ្លាមៗរួមទាំងវត្ថុតាង(កាំបិតផ្គាក់)ចំនួន ០១ ដើម្បីយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ចំពោះសាកសពស្រ្តីជាប្រពន្ធបានប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងតាមប្រពៃណី បន្ទាប់ពីកំលាំងសហការគ្នាពិនិត្យយ៉ាងយកចិត្តទុកដាក់៕ ប៉ឹម ពិន