ភ្នំពេញ៖ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់ពីគេប្រទះឃើញសាកសពបុរសម្នាក់មិនដឹងជាស្លាប់តាំងពីពេលណារហូតមានសភាពហើមស្អុយរលួយក្នុងមុងទើបគេដឹង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលលេខ១២Aស្ថិតនៅផ្ទះជួលលេខ២៩៥ក្រុម១២ភូមិទ្រា សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាធានីភ្នំពេញ ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ សំ សឺឌី ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរមន្ត្រីធ្វើការនៅក្រសួងទេសចរណ៍មានស្រុកកំណើតសង្កាត់ស្រះចកខណ្ឌដូនភ្នំពេញដែលបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលខាងលើតែម្នាក់ឯង ។
តាមប្រភពព័ត៌មានពីអ្នកជិតខាងរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេឃើញជនរងគ្រោះមកស្នាក់នៅបន្ទប់ជួលខាងលើតែម្នាក់ឯងដោយមិនសូវឃើញមានបងប្អូនញាតិមិត្តរបស់គាត់មកលេងញឹកញាប់នោះទេ ។ លុះរយៈពេល២-៣ថ្ងៃមកនេះ គេឃើញបន្ទប់គាត់ស្នាក់នៅចាក់គន្លិះពីក្នុង ហើយអ្នកភូមិក៏មិនបានចាប់អារម្មណ៍ថាជនរង គ្រោះទៅណាដែរ ។ លុះមកដល់ព្រឹកថ្ងៃកើតហេតុ អ្នកជិតខាងចេះតែធុំក្លិនស្អុយចេញពីក្នុង បន្ទប់នេះ តែសង្ស័យថាមានកណ្តុរងាប់នាំគ្នាដើររកមើលតែរកមិនឃើញ ។ បន្ទាប់មកក៏មាន ជះក្លិនស្អុយកាន់តែខ្លាំងឡើងៗចេញពីបន្ទប់មួយនេះ និងឃើញទ្វារបន្ទប់ខ្ទាស់គន្លិះពីខាងក្នុង អត់ចាក់សោពីខាងក្រៅក៏នាំគ្នាស្រែកហៅម្ចាស់បន្ទប់តែមិនឮឆ្លើយតបទើបកើតមានការ សង្ស័យថាមានករណីអ្វីមួយកើតឡើងក្នុងផ្ទះនេះ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និង ជំនាញចុះមកត្រួតពិនិត្យ ក៏ដឹងថា មានករណីមនុស្សដេកស្លាប់ក្នុងមុង ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ក្រោយការពិនិត្យរបស់មន្ត្រីជំនាញនិងបានធ្វើកោសល្យវិច័យរួចមកសមត្ថកិច្ចជំនាញបានអះអាងថា ការស្លាប់របស់ជនរងគ្រោះគឺដោយសារជំងឺគាំងបេះដូងហើយសពត្រូវបានប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា