អតីតមន្ត្រីរដ្ឋបាលព្រៃឈើ ដែលជំនាញក្នុងការប្រមូលលុយពីបទល្មើសនៅឯខេត្តស្ទឹងត្រែង ឥឡូវបានមកកាន់តួនាទី ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ កំពុងធ្វើឲ្យមន្ត្រីនៅក្នុងមន្ទីរនេះភ្នែកសគ្រប់គ្នា ពីព្រោះតែក្នុងរយៈពេលមិនដល់២សប្តាហ៍ លោក ឈៀង តុលា បានធ្វើឲ្យមន្ត្រីក្រោមឱវាទញាក់សាច់ ។ មានមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមានការងារធ្វើនៅក្នុងមន្ទីរ ក្រៅពីនោះ គឺស្ងាត់សូន្យឈឹង ។
គេរាយការណ៍ថា អតីតមេព្រៃដែលចំណាយទ្រព្យធនទិញតំណែងប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺរូបនេះ មិនមានជំនាញអ្វីច្បាស់លាស់ក្រៅតែចាប់ឈើនោះទេ ។ រឿងពេទ្យសត្វ, រឿងស្រែស្រូវ… លោកមិនមានជំនាញឡើយ ។ ជំនាញពិតប្រាកដគឺពួកឈ្មួញដែលរកស៊ីឈើនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ត្រូវរត់មករករូបលោកដើម្បីរាប់អានគ្នា ។ ប្រភពបានបន្តថា គ្រាន់តែក្នុងរយៈពេលមិនដល់២សប្តាហ៍ផង លោក ឈៀង តុលា បានចាត់មន្ត្រីស្និទ្ធរបស់ខ្លួនឲ្យទាក់ទងជាមួយពួករកស៊ីឈើនៅក្នុងខេត្តកំពង់ស្ពឺនេះ ។ ឈ្មួញឈើខ្លះបានទំនាក់ទំនងមកជាមុន រីឯខ្លះព្យាយាមធ្វើមិនដឹងមិនឮ ឬគេចខ្លួចដោយចាំពេលមានបញ្ហាទើបដោះស្រាយតែម្តង ។
ក្រុមមន្ត្រីនៃមន្ទីរកិសកម្មខេត្តកំពង់ស្ពឺហាក់ដូចជាមិនចង់ធ្វើការ ព្រោះតែលោកប្រធានថ្មីនេះ មិនដូចប្រធានចាស់ ដែលមានសាមគ្គីភាពផ្ទៃក្នុង និងចែករំលែកកិច្ចការងារ ក៏ដូចជាផលប្រយោជន៍ ។ លោកឈៀង តុលា ត្រូវគេមើលឃើញថា កំពុងព្យាយាមរកប្រយោជន៍ជាជាងការ បង្ហាត់បង្រៀន ឬធ្វើជាគំរូសម្រាប់មន្ត្រីនៅក្រោមឱវាទ ។ ម្នាក់ៗ ហាក់ដូចជាកំពុងមើលបំណាំគ្នា និងកំពុងមើលជំហរលោកប្រធានមន្ទីរ ។ និយាយរួមទៅ មន្ត្រីនៅក្នុងមន្ទីរ កំពុងបាក់ទឹកចិត្ត ខ្លះមិនហ៊ានមើលមុខលោកប្រធានថ្មីនេះផង ៕