ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លួងលោមនារីវ័យក្មេងទៅធ្វើការងារនៅកាស៊ីណូដឹកដល់កន្លែងស្ងាត់ចាប់រំលោភ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ក្រុមគ្រួសារនារីម្នាក់បានប្តឹងចោទប្រកាន់ទៅលើបុរសម្នាក់ថាបានលួងលោម បោកបញ្ឆោតកូនស្រីថាជួយរកការងារធ្វើនៅកាស៊ីណូមួយ តែពេលជនសង្ស័យដឹកតាមម៉ូតូដល់កន្លែងស្ងាត់ ក៏ចាប់រំលោភនាងរហូតបានសម្រេចតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ឆិល សុខឃា អាយុ២៥ឆ្នាំ មានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូម្កុដពេជ្រត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងរបស់ក្រុមគ្រួសារនារីរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងដែរថា នារីរងគ្រោះមានវ័យ១៧ឆ្នាំ មានទីលំនៅស្រុកលាក្រៅ ខេត្តប៉ៃលិន។

លោក ឆម វ៉ាន់ធី ប្រធានការរិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា បើតាមពាក្របណ្តឹងនារីរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៥ និង២០ នាទីព្រឹក ជនសង្ស័យបានទាក់ទងនារីរងគ្រោះថានឹងជួយរកការងារឲ្យធ្វើនៅក្នុងកាស៊ីណូម្កុដពេជ្រ។ ពេលនោះ ជនសង្ស័យបានណាត់នារីករងគ្រោះដើម្បីដឹកទៅកាស៊ីណូ ហើយពេលដឹកនារីរងគ្រោះដល់ក្បែរជើងភ្នំចំណុចដីថ្មីខាងក្រោយបន្ទាយទាហានស្ថិតនៅភូមិផ្សារព្រំ ដែលជាកន្លែងស្ងាត់ ពេលនោះជនសង្ស័យក៏បានចាប់នាងរំលោភតែម្តង។

លោកបានឲ្យដឹងទៀតថា ជនសង្ស័យនៅបន្ទាប់ពីឃាត់ខ្លួនសាកសួរ បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់នារីរងគ្រោះរំលោភបានសម្រេច១លើកពិតប្រាកដមែន។ ផ្អែកតាមចម្លើយ និងយោងតាមបណ្តឹងនារីរងគ្រោះ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីបន្តនីតិវិធី៕ ស សារ៉េត

asd-1


ចែករំលែក៖