ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់រងរបួសធ្ងន់ស្រាលបន្ទាប់ពីជិះម៉ូតូបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ២

ចែករំលែក៖

ខេត្តកណ្តាលៈ យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ បន្ទាប់ពីជនរងគ្រោះទាំង៣នាក់នេះជិះម៉ូតូបុកគ្នាពេញមួយទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចខាងមុខផ្ទះលក់គ្រឿងសំណង់យីហោ “ង៉ូវ ងួនហេងII” ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ កាលពីវេលាម៉ោង២២ និង០៥នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CW-4164 បើកបរដោយឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសបាក់ស្មងជើងស្តាំ) និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ គាំ វិច្ឆិកា ភេទប្រុស អាយុ២៨ឆ្នាំ (រងរបួសស្រាល) ។ ទាំង២នាក់នេះមានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ខាងទៀតម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CR-5648 បើកបរដោយឈ្មោះ សឿន សុខធូ ភេទប្រុស អាយុ២១ឆ្នាំ(រងរបួសធ្ងន់)មានទីលំនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូបង្កជិះគ្នាពីរនាក់បើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត រួចបានបត់ឆ្វេងបើកបញ្ច្រាសស្លាកសញ្ញាហាមឃាត់ឡើងទៅលើផ្លូវជាតិលេខ២សំដៅទៅទិសខាងជើង(ទៅភ្នំពេញ)វិញ ខណៈបើកខាងមុខផ្ទះលក់គ្រឿងសំណង់យីហោ “ង៉ូវ ងួនហេងII” ក៏ជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះបើកបរច្រាស់ទិសគ្នា បណ្តាលឲ្យដួលរបួសធ្ងន់ទាំងសងខាងតែម្តង។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបានដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

as-1 as-2 as-3 as-4 as-5


ចែករំលែក៖