ខេត្តកំពង់ស្ពឺ: ជនមិនស្គាល់មុខ ប្រើកាំភ្លើង AK47 បាញ់រះចំនួន៦គ្រាប់ ចូលទៅកាន់ផ្ទះពលរដ្ឋមួយគ្រួសារទាំងកណ្តាលយប់ដោយមិនទាន់ដឹងពីមូលហេតុ ហើយហេតុការណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១និង១០ នាទីយប់ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិថ្មី ឃុំ តាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណី បាញ់បោះសេរី និង បង្កអសន្តិសុខសណ្តាប់ធ្នាប់សង្គម គឺបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ បានបាញ់ និងអាវុធ AK47 ចំនួន ៦ គ្រាប់ទៅលើផ្ទះរបស់ឈ្មោះ នូ វ៉ឹម ភេទ ប្រុស អាយុ ៨២ ឆ្នាំ ប្រពន្ធ ឈ្មោះ យន់ ឆេម អាយុ ៦៦ ឆ្នាំ មុខរបរធ្វើស្រែ បណ្តាលឲ្យត្រូវជញ្ជាំងផ្ទះ ចំនួន ០១ គ្រាប់ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។ គេមិនដឹងថា ការបាញ់នេះដោយសារមូលហេតុអ្វីឡើយ ។
លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគបាលខេត្តកំពង់ស្ពឺ បញ្ជាក់ប្រាប់ប្រភពព័ត៌មានថា កម្លាំងសមត្ថកិច្ចរបស់លោក កំពុងស្រាវជ្រាវ មិនទាន់បានរបាយការណ៍លម្អិតទេ ៕