បន្ទាយមានជ័យ៖ អតីតយុទ្ធជននៅស្រុកមង្គលបូរី ចំនួន៧៤៤នាក់ ត្រូវបាន លោកនាយឧត្តមសេន៍ គន់ គីម អគ្គលេខាធិការ នៃគណអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល ស.អ.ក ជួបសំណេះសំណាលជាមួយ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ។
ពិធីនេះ ធ្វើឡើងនៅសាលាបន្ទាយនាង ក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកសួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងអស់លោកជាប្រធាន អនុប្រធាន ស្ថាប័ណ្ណពាក់ព័ន្ធនានាជុំវិញខេត្ត។
លោក សី ឌី អធិការនគរបាលស្រុកមង្គលបូរី និងជាប្រធានគណៈកម្មាការសមាគមន៍អតីតយុទ្ធជនកម្ពុជាស្រុកមង្គលបូរី បានរាយការណ៍ពីសភាពការសមាគមន៍អតីតយុទ្ធជនកម្ពុជាស្រុកមង្គលបូរី គិតត្រឹមខែវិច្ឆិកា២០១៦ មានសមាជិកចំនួន៧៤៤នាក់។
ជាមួយគ្នានេះ លោកនាយឧត្តមសេន៍ គន់ គីម អគ្គលេខាធិការ នៃគណអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល ស.អ.ក ក្នុងឱកាសជួបសំណេះសំណាលនោះបានលើកឡើងថា ឆ្លើយតបនឹងវីរភាពនេះ សម្តេចតេជោបានបង្កភាពងាយស្រួលតាមរយៈបង្កើតឲ្យមានអេធីអឹមដើម្បីបើកប្រាក់បៀវត្ស ហើយបង្កើតសមាគមន៍អតីតយុវជនដែលមានក្រុមការងារគ្រប់ជាន់ថ្នាក់ក្នុងនោះតាមស្រុកក្រុងមានអធិការជាប្រធាន និងឃុំ សង្កាត់ មានមេប៉ុស្តិ៍ជាប្រធានសម្រាប់ផ្សារភ្ជាប់មើលការខុសត្រូវ ទុក្ខលំបាករបស់បងប្អូន ដូចនេះបើបងប្អូនមានបញ្ហាអ្វីសូមទំនាក់ទំនង់ទៅកាន់ពួកគាត់។
លោកនាយឧត្តមសេនីយ គន់ គីម ក៏បានសំណូមពរដល់បងប្អូនសូមជួយសហការផ្តល់ព័ត៍មានដល់អាជ្ញាធរមូលដ្ឋានលើការងារសន្តិសុខ សណ្តាប់ផ្នាប់ដើម្បីភូមិឃុំមានសុវត្ថិភាព។
ក្នុងការជួបសំណេះសំណាល លោកនាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្តល់ថវិកា៥ម៉ឺនរៀល ដល់អតីតយុវជនក្នុងនាក់ៗ និងបានសង់ផ្ទះ៥ខ្នង ដល់អតីតយុវជន មានជីវភាពលំបាក ៕