ព័ត៌មានទាន់ហេតុការណ៍៖

លោក ថង សាវុន អភិបាលខេត្តរតនគិរីអញ្ជើញចុះពិនិត្យតំបន់ធារាសាស្ត្រអូរពូល ស្ថិតក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយប្រធានមន្ទីរធនធានទឹក និងប្រធានមន្ទីរកសិកម្ម រួមនឹងមន្ត្រីអ្នកមុខអ្នកការមួយចំនួននាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញចុះពិនិត្យតំបន់ធារាសាស្ត្រមួយកន្លែងស្ថិតក្នុង ភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។

លោកចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានអោយដឹងថា តំបន់ធារាសាស្ត្រអូរពូលនេះសាងសង់ឡើងក្នុងឆ្នាំ២០១៣ ដោយចំណាយថវិកាជាង១លានដុល្លា ដែលជាថវិការបស់រាជរដ្ឋាភិបាល។

តំបន់ធារាសាស្រ្តនេះមានសក្តានុពលស្រោចស្រពផ្ទៃដីស្រែវស្សាបានចំនួន៧០០ហិកតា និងស្រោចស្រពផ្ទៃដីស្រែប្រាំង២០០ហិកតា។

លោកប្រធានមន្ទីរបានបន្តថា បន្ទាប់ពីការសាងសង់រួចប្រជាពលរដ្ឋក្នុងភូមិខាងលើបានងាកមកធ្វើស្រែបានមួយចំនួនធំហើយ។

លោក ថង សាវុន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរជំនាញដែលបានខិតខំកសាងតំបន់ធារាសាស្ត្រមួយនេះប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តអភិបាលខេត្តបានជម្រុញអោយអាជ្ញាធរមូលដ្ឋានត្រូវចលនាប្រជាពលរដ្ឋដែលមានដីស្រែនៅតំបន់នេះអោយងាកមកធ្វើស្រែអោយអស់ផ្ទៃដីដែលមាន ដើម្បីកាត់បន្ថយការធ្វើចំការពនេចរក៏ដូចកាត់បន្ថយការពឹងពាក់អាស្រ័យផលធនធានធម្មជាតិផងដែរ។

លោក ថង សាវុនសង្ឃឹមថាតាមរយៈសក្តានុពលនៃតំបន់ធារាសាស្ត្រអូរពូលនេះ ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចចារ៉ាយក្នុងភូមិឃុំខាងលើ និងមានជីវភាពធូធារជាងមុន៕ វុទ្ធឦសាន

as-5 as as-1 as-2 as-3 as-4


ចែករំលែក៖