ខេត្តកំពង់ឆ្នាំង៖កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំងដោយលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្ត បានឆ្មក់ចូលចាប់រឹបអូសយកឧបករណ៍បទល្មើសនេសាទ ដែលក្រុមបទល្មើសនេសាទនេះបានត្រៀមទុកធ្វើសកម្មភាពនេសាទខុសច្បាប់ ។
ប្រតិបត្តិការណ៌នេះ គឺធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែឆ្នូឆ្នាំ២០១៦នៅក្នុងភូមិបណ្តែតទឹកករបស់ជនជាតិវៀតណាមនៃសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់នៅរសៀលនេះថា ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុះប្រមូលបាន ទូកអួន១០គ្រឿង ទូកជន១គ្រឿង បាឡាស្មាច់១គ្រឿង ទូកម៉ាស៊ីន៧គ្រឿង និង អួនចំនួន១១វង់ ស្មើនិង៣៨៥០ម៉ែត្រ ។ ចំពោះឧបករណ៍បទល្មើសដែដកហូតបាននេះ លោកនឹងសុំគោលការណ៍អភិបាលខេត្តដើម្បីធ្វើការដុតកំទេចចោល ។ ចំពោះវិធានការបន្ត គឺលោកនឹងដឹកនាំកម្លាំងចម្រុះចុះធ្វើការបង្ក្រាបគ្រប់ទីកន្លែងដែលមានបទល្មើសកើតឡើង ។
លោកបញ្ជាក់ទៀតថា ក្នុងពេលបង្រ្កាបដោយកម្លាំងចម្រុះនោះ ក្រុមដែលរកស៊ីល្មើសច្បាប់ នៅពេលដែលឃើញសមត្ថកិច្ចទៅដល់ ខ្លះបានហក់ទឹកគេចខ្លួនបាត់តែម្តង ។ហើយការបង្រ្កាបដោយកម្លាំងចម្រុះនៅថ្ងៃនេះ ត្រូវបានលោកអះអាងថា គឺដោយមានបញ្ជាផ្ទាល់ពីលោកឈួរ ច័ន្ទឌឿន ដែលជាអភិបាលខេត្តកំពង់ឆ្នាំង ។
បើតាមប្រភពបានអោយដឹងថា ការបង្រ្កាបជាទ្រង់ទ្រាយធំលើកនេះ ធ្វើអោយមានការងឿងឆ្ងល់ពីមជ្ឈដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ដោយសារតែកន្លងមកក្រុមរកស៊ីបទល្មើសនេសាទដែលភាគច្រើនជាជនជាតិវៀតណាមនេះ បានរកស៊ីសុខស្រួលរាប់ឆ្នាំទៅហើយ ដោយបានចំណាយលុយរត់ការទៅលើសមត្ថកិច្ច មន្រ្តីជំនាញ និង មន្រ្តីពាក់ព័ន្ធ ក្នុង១វង់ៗជិត១ម៉ឺនដូល្លាទៅហើយ ។
ប្រជាពលរដ្ឋដែលឃើញសកម្មភាពបង្រ្កាបនេះរបស់កម្លាំងចំរុះបានសាទរ ចំពោះប្រតិបត្តិការដ៍ក្តៅគគុកនេះ តែប្រជាពលរដ្ឋសូមអោយសមត្ថកិច្ចជំនាញមេត្តាធ្វើជាប្រចាំ ហើយសូមកុំអោយធ្វើដូចវ៉ៃទឹកបង្អើលត្រីចូលលបនោះ ។ ចន្ថា