ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបពិសេសរវាងមេដឹកនាំកំពូលហ្វុីលីពីន នឹងសម្តេចតេជោ មិនបានលើកបញ្ហាសមុទ្រចិនខាងត្បូងទេ

ចែករំលែក៖

ភ្នំពេញ៖ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែង ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯវិមានសន្តិភាព នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញថា បញ្ហាសមុទ្រចិនខាងត្បូងមិនត្រូវបានលើកឡើងនៅក្នុងជំនួបពិសេស រវាងមេដឹកនាំកំពូលរបស់ហ្វុីលីពីនជាមួយ សម្តេចតេជោ ហ៊ុន សែន នោះទេ ។

ជំនួបពិសេសរវាងមេដឹកនាំកំពូលរបស់ ហ្វុីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅ វិមានសន្តិភាពមានរយៈពេលប្រមាណ១ម៉ោងដោយបានចាប់ផ្តើមនៅម៉ោង៣និង៥នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់កិច្ចជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានត្រឡប់ទៅកាន់ សណ្ឋាគារសូហ្វុីតែល ភូគីត្រា វិញ។ រហូតដល់ម៉ោង៧យប់ថ្ងៃដដែលលោកប្រធានាធិបតីនិងគណៈប្រតិភូនឹងអញ្ជើញចូលរួមពិធីលាងសាយភោជដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងក្រោមព្រះរាជអធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះ បាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នៅម៉ោង៩និង៣០នាទី យប់ថ្ងៃទី១៤ ខែធ្នូ លោកប្រធានាធិបតី ហ្វុីលីពីន ព្រមទាំងគណៈប្រតិភូនឹងអញ្ជើញចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ ប្រទេសសិង្ហបុរីដើម្បីបន្តដំណើរទស្សន កិច្ចនៅទីនោះជាបន្តទៀត ។

គួរបញ្ជាក់ថា នៅក្នុងឱកាសខួបទី៦០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ហ្វុីលីពីន លោកប្រធានាធិបតីហ្វុីលីពីន រ៉ូឌ្រីហ្គោ ឌុយ ទែរតេ បានប្រកាសជូនអាហារូបករណ៍ចំនួន ៦០កន្លែងសំរាប់និស្សិតកម្ពុជា។ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រគល់ការងារនេះទៅក្រសួងអប់រំ ដើម្បីអនុវត្តការងារ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

យោងតាមហ្វេសប៊ុកផ្លូវការរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានឲ្យ ដឹងនៅមុននេះបន្តិចឲ្យដឹងថា នៅក្នុងជំនួប រវាងមេដឹកនាំកំពូលកម្ពុជា-ហ្វុីលីពីននៅឯ វិមានសន្តិភាពលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ប្រធានាធិបតីហ្វីលីពីនបានថ្លែងប្រាប់ សម្តេចតេជោ ហ៊ុន សែន ថា «ម្តាយនិងពូ របស់លោកធ្លាប់ទៅលេងអង្ករវត្តម្តងដែរ ហើយម្តាយលោកមានចំណាប់អារម្មណ៍ល្អណាស់ពីអង្គរវត្ត» ៕ ហេង សូរិយា

 

as


ចែករំលែក៖