ខេត្តពោធិ៍សាត់ ៖ គ្រួសារក្រីក្រមួយដែល មានកូនពីរនាក់ក្នុងបន្ទុកគិតតែពីស្រវឹង រាល់ថ្ងៃទាំងប្ដី និងប្រពន្ធទីបំផុតក្លាយជា ហិង្សាក្នុងគ្រួសារប្រពន្ធរករឿងប្ដីខឹងក៏ដុតផ្ទះក៏កម្សត់ដែលរស់នៅជាមួយកូនរួមទាំងសម្ភារមានតិចតួចទុកគ្រាន់តែប្រើប្រាស់បានឆេះសល់តែផេះដោយសារតែមកពីផឹក ស្រវឹងចូលផ្ទះជួបនឹងប្រពន្ធផឹកស្រវឹងដែរ រករឿងស្ដីបន្ទោស ។
ករណីប្រើអំពើហិង្សាក្នុងគ្រួសារឈានទៅដុតផ្ទះឆេះអស់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅ ភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ធី សុវណ្ណថា នាយរងប៉ុស្តិ៍អន្សា ចំបក់បានឲ្យដឹងថា បុរសដែលប្រព្រឹត្តអំពើហិង្សានេះឈ្មោះ ញ៉ែម ទឹម អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ធ្លាប់ជាប់ពន្ធនាគារម្ដងហើយដោយសារតែប្រើអំពើហិង្សាមកលើកូនខ្លួន ឯងដោយវាយកូនបាក់ដៃ។ រីឯស្រ្តីរងគ្រោះ ជាប្រពន្ធឈ្មោះ យន មុំ អាយុ៤៨ឆ្នាំ ជន ជាតិខ្មែរ មានកូន២នាក់ ស្រីម្នាក់ ប្រុស ម្នាក់ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
លោកនាយរងប៉ុស្តិ៍បន្តថា តាមសភាព ជាក់ស្ដែងគឺគ្រួសារនេះរស់នៅវេទនាភ្នែកណាស់ ពោលគឺរកសុីចិញ្ចឹមជីវិតសម្រាប់ មួយពេលប៉ុណ្ណោះនិងរកលុយបានសម្រាប់ តែទិញស្រាផឹកទាំងប្ដី និងប្រពន្ធ។ នៅមុន ពេលកើតហេតុនេះកើតឡើងខណៈដែលប្រពន្ធនៅផ្ទះក្នុងសភាពស្រវឹងស្រាដែលជាទម្លាប់រាល់ថ្ងៃប្ដីក៏មកពីក្រៅស្រវឹងដែរក្រោយធ្វើការឲ្យគេបានលុយយកទៅទិញស្រាផឹករៀងៗខ្លួនជួនទិញអង្ករដាំបាយ ហូបជួនទៅស្រវឹងជ្រុលមិនដាំបាយហូប ឯ កូន២នាក់ដាំបាយខ្លួនឯងហូបទៅជួនកាល ដាច់បាយបានញាតិជិតខាងឲ្យហូប។ លុះ ប្ដីចូលដល់ក្នុងផ្ទះដែលមានទំហំបណ្តោយ ៣,៥០ម៉ែត្រគុណនឹង២,៥០ម៉ែត្រ សសរ ស្រឡៅមូល ដំបូលស្លឹក ជញ្ជាំងស្លឹកក្រាល ក្តារនោះប្រពន្ធក៏បានជេរស្ដីឲ្យប្ដីចំពេល ដែលប្ដីមកពីផឹកស្រវឹងដែរក៏ខឹងប្រពន្ធកើត ជាអំពើហិង្សារហូតដុតផ្ទះខ្លួនឯងឆេះក្លាយជាផេះតែម្ដង ។
សម្ភារដែលក្រៅពីផ្ទះរស់នៅត្រូវភ្លើងឆេះអស់នោះគឺមានអង្ករ១០គីឡូក្រាម, លុយ៤០.០០០រៀល សៀវភៅគ្រួសារ, អត្តសញ្ញាណប័ណ្ណ, បណ្ណចុះឈ្មោះបោះ ឆ្នោត និងចាន ឆ្នាំង មុងភួយ កន្ទេល ។
លោកនាយរងប៉ុស្តិ៍អន្សាចំបក់បញ្ជាក់ថា ពេលអគ្គិភ័យឆាបឆេះឡើងគ្មាននរណា ជួយពន្លត់ទាន់ទេ ហើយជនសង្ស័យត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនមកអធិការដ្ឋាន ស្រុកដើម្បីអប់រំទុកឱកាសឲ្យកែខ្លួនធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ព្រោះបើដាក់ទោស គេឲ្យជាប់ពន្ធនាគារទៀតគ្រួសារនេះប្រឈម មុខនឹងទុក្ខវេទនាដល់កូនៗទាំង២នាក់មិនខានដោយសង្ឃឹមម្ដាយស្រវឹងស្រារាល់ថ្ងៃលើសប្ដីទៅទៀតមិនខានឡើយ ៕ ប៉ឹម ពិន