ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ផ្តន្ទា​ទោស​អតីត​ប្រធាន​គណនេយ្យ​ក្រុម​ហ៊ុន​ពិភពថ្មីគ្រុប​និង​ប្តី​ ករណី​កិបកេង​ប្រាក់​​ជិត​៤០​ម៉ឺន​​ដុល្លារ​អាមេរិក​ យក​លេង​​ល្បែង​

ចែករំលែក៖

ភ្នំពេញ: ស្ត្រីម្នាក់ជាអតីតប្រធានគណនេយ្យក្រុមហ៊ុនពិភពថ្មីគ្រុបនិងប្តី ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំតែទោសនេះអនុវត្តត្រឹម១ឆ្នាំប៉ុណ្ណោះ ករណីកិបកេងប្រាក់ជិត៤០ម៉ឺនដុល្លារអាមេរិក យកលេងល្បែង ។ ក្នុងសាលក្រមនេះ តុលាការក៏បានបង្គាប់ឲ្យជនជាប់ចោទទាំងពីរនាក់ សងប្រាក់ក្រុមហ៊ុនចំនួន៣៧៣,៤៨១.៧៥ដុល្លារ និងសំណងជំងឺចិត្តចំនួន៤០លានរៀល ផងដែរ ។

ប្តីប្រពន្ធទាំងពីរនាក់ ត្រូវបានចោទប្រកាន់ចំនួនពីរបទល្មើស គឺ បទ ឆបោក និង បទ រំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬ បុគ្គលដទៃទៀត តាមមាត្រា ៣៧៧ , ៣៩១និង មាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទមានឈ្មោះ ផាត ចរិយា អាយុ៣៨ឆ្នាំ ជាប្រធានគណនេយ្យនៅក្រុមហ៊ុនបុរីពិភពថ្មីគ្រុបនិង ប្តីឈ្មោះ ហ៊ កុសល អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ៣បេ ផ្លូវលេខ៦០ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ តាមពាក្យបណ្ដឹងរបស់លោកមេធាវីឈ្មោះ ប៉ិ វណ្ណៈ តំណាងស្របច្បាប់របស់ក្រុមហ៊ុនពិភពថ្មី ចោទប្រកាន់ពីបទឆបោកប្រាក់ប្រមាណជាង៣៧ម៉ឺនដុល្លារអាមេរិក ។

ដើមចមនៃសំណុំរឿងនេះ ត្រូវបានប្រភពព័ត៌មានច្បាស់ការណ៍ បញ្ជាក់ឲ្យដឹងថា ស្ត្រីជាប់ចោទឈ្មោះ ផាត ចរិយា បានចូលធ្វើការនៅក្រុមហ៊ុនពិភពថ្មីគ្រុបជាង៤ឆ្នាំមកហើយ ។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ ស្ត្រីជាប់ចោទបានចាប់ផ្តើមកិបកេងប្រាក់ក្រុមហ៊ុន ជាបន្តបន្ទាប់ ។ លុះក្រោយមក នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ ក៏បែកការណ៍ឈានដល់ការដាក់ពាក្យបណ្ដឹង ចាប់ខ្លួនតែម្ដង ។

ប្រភពព័ត៌មាន បន្តថា ក្រុមហ៊ុនពិភពថ្មីគ្រុប រកឃើញថា ស្ត្រីជាប់ចោទ បានកិបកេងប្រាក់ក្រុមហ៊ុនអស់ជាង៣៧ម៉ឺនដុល្លារអាមេរិក ។

ដោយឡែកនៅដំណាក់កាលសមត្ថកិច្ច ស្ត្រីជាប់ចោទ និង ប្តី បានសារភាពថា ពិតជាបានកិបកេងប្រាក់ក្រុមហ៊ុនដូចការចោទប្រកាន់មែន ។

ពួកគេបានសារភាពទៀតថា ការកិបកេងនេះ គឺតាមរយៈការប្រមូលប្រាក់ពីអតិថិជន តែពុំបានបង្វិលប្រាក់ដាក់ចូលក្រុមហ៊ុន នោះទេ ពោលគឺ បានយកប្រាក់ទាំងអស់នេះ ប្រគល់ឲ្យប្តីលេងល្បែងចាញ់ជាបន្តបន្ទាប់ សរុបជាង៣៧ម៉ឺនដុល្លារអាមេរិក ។ ស្ត្រីជាប់ចោទ បន្តទៀតថា ប្តីរបស់នាងមិនត្រឹមតែលេងល្បែងនោះទេ គឺ បានបើកល្បែងទៀតផង ទើបចាញ់អស់រលីងពីខ្លួនបែបនេះ ៕ ចេស្តា

untitled-1


ចែករំលែក៖