ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តម៉ាកESCALADE បើកមិនគោរពភ្លើងស្តុបបុកពេញមួយទំហឹង

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជន២នាក់បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរថយន្តស៊េរីទំនើបម៉ាកESCALADE បើកបោះយ៉ាងលឿនមិនគោរពភ្លើងស្តុបជ្រុលទៅម៉ូតូជនរងគ្រោះ កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភ្លើងស្តុប តាមបណ្តោយផ្លូវលេខ២១០និងផ្លូវលេខ១១០ ស្ថិតក្នុងភូមិតាខ្មៅ៣ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តម៉ាកESCALADE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2O-5371 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។ ជនរងគ្រោះ២នាក់ ទី១-ឈ្មោះ ស៊ិន មុន្នីរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ (ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់) មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ទី២-ឈ្មោះ ទិត្យ ប៊ុន ឆាយ ភេទប្រុស អាយុ១៨ឆ្មាំ (ជាអ្នករួមដំណើរ រងរបួសធ្ងន់) មានទីលំនៅភូមិថ្មី សង្កាត់ក្រុងតាខ្មៅ ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ស្លែ គ្មានស្លាកលេខ មិនបំពាក់កញ្ចក់មើលក្រោយ និងមិនពាក់មួកការពារសុវត្ថិភាព ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាកESCALADEបើកបរដោយល្បឿនលឿនតាមបណ្តោយផ្លូវលេខ១១០ ក្នុងទិសដៅពីលិចទៅកើត ខណៈបើកដល់ចំណុចភ្លើងស្តុបពណ៌ក្រហម អ្នកបើកបររថយន្តមិនបានជាន់ហ្រ្វាំងឈប់នោះទេ គឺបានបន្ថែមល្បឿនទៅបុករហូតជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលបើកបរតាមបណ្តោយផ្លូវលេខ២១០ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យម៉ូតូនិងជនរងគ្រោះដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្កបានចុះគេចខ្លួនបាត់ រីឯជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយដឹក បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ ក្រុងតាខ្មៅធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

as-1 as-2 as-3 as-4 as-5


ចែករំលែក៖