ព័ត៌មានទាន់ហេតុការណ៍៖

នរណាទម្លាយវីដេអូឃ្លីបករណីហិង្សាលើកុមារខ្មែរ?

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីជាវីដេអូឃ្លីបស្តីអំពីករណីហិង្សាលើកុមារខ្មែរ បង្កឡើងដោយជនជាតិវៀតណាមធ្វើឲ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងចំណោមប្រជាពលរដ្ឋខ្មែររហូតធ្លាយដល់បរទេសបែបណាក៏ដោយ ក៏គេមិនដឹងថា តើនរណាជាអ្នកទម្លាយវីដេអូឃ្លីបនោះដែរ ។ ម្ចាស់ខ្លួនដែលជាអ្នកបង្កហិង្សា ជាអ្នកទម្លាយវីដេអូនេះឬ? ឬបុរសជនជាតិហុល្លង់ សញ្ជាតិខ្មែរជាអ្នកទម្លាយ?

លោក សូរ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរីដែលបានទៅដល់ប្រទេសវៀតណាមដើម្បីតាមដានសំណុំរឿងនេះ បានឲ្យដឹងថា ស្ត្រីម្នាក់ដែលត្រូវជាបងជីដូនមួយនឹងជនសង្ស័យជាអ្នកទម្លាយវីដេអូឃ្លីបនេះ បន្ទាប់ពីទារប្រាក់ពីជនសង្ស័យមិនបាន ។ លោកស្នងការរងបានឲ្យដឹងថា វីដេអូឃ្លីបជាច្រើនត្រូវបានបែកធ្លាយដោយសារស្ត្រីម្នាក់ត្រូវជាបងជីដូនមួយរបស់បុរសជនសង្ស័យជាអ្នកទម្លាយបន្ទាប់ពីទារប្រាក់ពីជនសង្ស័យ និងមិត្តប្រុសមិនបានសម្រេច ។ នៅពេលដែលទារប្រាក់មិនបាន បងជីដូនមួយរបស់ជនសង្ស័យក៏បានយកវីដេអូឃ្លីបនៅក្នុងទូរស័ព្ទដាក់ចូលក្នុងប្រព័ន្ធអ៊ីនធើណេត ។

 

លោក សូរ សុវណ្ណ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង ថាញ់ដុង (Nguyeng Thanh Dung) បានយកទូរស័ព្ទឲ្យបងស្រីជីដូនមួយ យកទៅបញ្ចាំ ។ បងស្រីជីដូនមួយបានឆែកក្នុងទូរស័ព្ទនោះហើយឃើញវីដេអូជាច្រើនស្តីអំពីហិង្សាលើកុមារខ្មែរ ក៏បានចម្លងទុកក្នុងទូរស័ព្ទដៃរបស់នាង ហើយបានព្យាយាមគំរាមទារប្រាក់ពីប្អូនដែលជាជនសង្ស័យប្រមាណ១០លានដុង ឬប្រហែល៤៤០ដុល្លារ ។ លោកស្នងការរងបន្តថា នៅពេលដែលគេមិនព្រមផ្តល់ប្រាក់ នារីដែលជាបងជីដូនជនសង្ស័យបានបង្ហោះវីដេអូទាំងនោះតាមប្រព័ន្ធអ៊ីនធើណេត ។ លោកស្នងការរងបានដកស្រង់សម្តីជនសង្ស័យថា ខ្លួនគ្មានប្រាក់ឲ្យបងស្រីទេ ។ លោកបានបញ្ជាក់ថា ប្រសិនបើនាងមិនបង្ហោះវីដេអូនោះទេ គ្មាននរណាដឹងឡើយ ។

 

ស្ត្រីបងជីដូនមួយហាក់ដូចដឹងយ៉ាងច្បាស់ថា នៅពេលដែលនាងបង្ហោះវីដេអូនោះ ប្អូនប្រុសរបស់នាងនឹងត្រូវសមត្ថកិច្ចនាំយកមកផ្តន្ទាទោស ។

 

លោកសូរ សុវណ្ណ មិនដឹងថា តើសមត្ថកិច្ចវៀតណាមចាប់នារីដែលជាអ្នកបង្ហោះវីដេអូនោះឬយ៉ាងណាទេ ។

 

ជនសង្ស័យ ង្វៀង ថាញ់ដុង កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារមួយក្នុងទីក្រុងហូជីមិញបានសារភាពអំពីកររំលោភបំពានលើកុមារខ្មែរអំឡុងខែសីហា ឆ្នាំ២០១៦ ដោយថតវីដេអូទុកជាការកម្សាន្ត ៕ ហេង សូរិយា

untitled-1 ee tr


ចែករំលែក៖