ព័ត៌មានទាន់ហេតុការណ៍៖

អូនបានទូរស័ព្ទថ្មីលេងហ្វេសប៊ុកទាក់ទងប្រុស រត់ចោលប្តី កូនគ្មានស្រណោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់កាន់រូបថតភរិយាដ៏ស្រស់ស្អាតទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ឲ្យជួយរកប្រពន្ធ បន្ទាប់ពីខ្លួនបានទិញទូរស័ព្ទស្មាតហ្វូងឲ្យនាងលេងហ្វេសប៊ុកឆាតចុះ ឆាតឡើងជាមួយប្រុស ស្រាប់តែរត់ចោលប្តី ចោលកូនបាត់៣ថ្ងៃហើយ ទើបប្តីទៅដាក់ពាក្យបណ្តឹងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ។

បុរសដែលភរិយារត់ចោលឈ្មោះ ញាន ប៊ុនឌី អាយុ២៨ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្តក្រុមហ៊ុន ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ រីឯភរិយាឈ្មោះគង់ សុជាតា អាយុ២៥ឆ្នាំ មានមុខរបរលក់ខោអាវនៅនឹងផ្ទះ និងមានស្រុកកំណើតនៅភូមិព្រែកជ្រៃ ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល មានកូនប្រុសម្នាក់អាយុ៣ឆ្នាំ ។ បុរសញាន ប៊ុនឌី បានប្រាប់នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យថា គ្រួសារគាត់បានរៀបការអស់រយៈពេល៥ឆ្នាំមកហើយ បច្ចុប្បន្នភរិយាគាត់លក់ខោអាវនៅនឹងផ្ទះ រីឯគាត់ជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកូកាកូឡា ។ បុរសជាប្តីបានបន្តថា រាល់ខែ ពេលបើកប្រាក់ខែ គាត់តែងផ្ញើឲ្យប្រពន្ធមិនដែលខានឡើយ ។ ប្រហែល៣ខែចុងក្រោយនេះ ប្រពន្ធគាត់បានទិញទូរស័ព្ទស្មាតហ្វូនដែលអាចលេងហ្វេសប៊ុកបាន ស្រាប់តែនាងបែកគំនិតទាក់ទងប្រុសថ្មី ដោយឆាតទៅវិញទៅមកជាមួយគណនីហ្វេសប៊ុកដែលមានឈ្មោះ«គឹមហេងកំពូលអ្នកញ៉ែស្រី» ហើយបានទាក់ទងរហូតនាងយកម៉ូតូគុបជ្រុងមួយគ្រឿងដើរលេងស៊ីចាយជាមួយសហាយរយៈពេល៣ថ្ងៃ ដោយទុកកូនឲ្យម្តាយមើលថែ ។

បុរសញាន ប៊ុនឌី បានឲ្យដឹងទៀតថា បុរសដែលជាសហាយស្មន់ភរិយារបស់ខ្លួនស្នាក់នៅម្តុំវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលទីនេះ ត្រូវគេប្រសិទ្ធនាមថា ជាប្លុកជក់គ្រឿងញៀន ដែលធ្វើឲ្យគាត់ខ្វល់ខ្វាយពីសុវត្ថិភាពភរិយាជាខ្លាំង ។ ក្នុងនាមជាប្តី គាត់មិនបានគិតវែងឆ្ងាយ ឬប៉ុនប៉ងចងកម្មពៀរប្រើហិង្សាលើភរិយានោះទេ អ្វីដែលបារម្ភនោះគឺខ្លាចភរិយាធ្លាក់ខ្លួនចូលក្នុងសង្គមគ្រឿងញៀនដ៏វក់វីសព្វថ្ងៃនេះ ។

បុរសជាប្តីបន្តទៀតថា គាត់មិនស្តីបន្ទោសឬរករឿងភរិយាដែលឆោតល្ងង់ចាញ់បោកគេនោះទេ សំខាន់គឺចង់ឲ្យប្រពន្ធត្រឡប់ទៅផ្ទះវិញមើលថែកូន ៕ ហេង នរិន្ទ្រន៍

15-12-2016s49

edee


ចែករំលែក៖