ភ្នំពេញ ៖ បន្ទាប់ពីក្មេងស្រីវ័យជំទង់ស្រស់សោភាម្នាក់ ជាអ្នកលក់កំពឹស និងត្រី ដែលបានបាត់ខ្លួនពីផ្ទះ២ថ្ងៃ២យប់ ពេលនេះបានទូរស័ព្ទមកឪពុកម្ដាយជាបន្តបន្ទាប់ឲ្យផ្ញើលុយតាមវីងឲ្យនាង ចំនួន៨មឺុនរៀល តែនាងមិនបានប្រាប់ពីកន្លែងស្នាក់នៅទេ។
ក្រោយពីកូនស្រីទូរស័ព្ទបង្ខំឲ្យវេរលុយបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ពួកគាត់បាននាំគ្នាធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីសុំឲ្យនគរបាលជួយ ស្រាវជ្រាវ ថាតើកូនគាត់កំពុងស្ថិតនៅតំបន់ណាមួយពិតប្រាកដ និងសុំឲ្យជួយទាក់ទងទៅកាន់សមត្ថកិច្ចនៅតាមព្រំដែនទាំងពីរ ជួយស្ទាក់ឃាត់កូនស្រីគាត់ផង ។ មិនតែប៉ុណ្ណោះគាត់អន្ទះសារចង់ផ្ញើលុយឲ្យកូនស្រីថែមទៀតផង ត្រូវនគរបាលពន្យល់ថា សូមកុំឲ្យពួកគាត់ជ្រួលច្របល់ពេក និងមិនបាច់វេរលុយឲ្យកូនទេ នាងមិនអាចឆ្លងដែនដោយគ្មានលិខិតឆ្លងដែនបានឡើយ ហើយនៅពេលដែលនាងអស់លុយចាយនាងគង់តែវិលត្រឡប់មកផ្ទះវិញទេ ។ ប៉ុន្តែទោះជានគរបាលខំពន្យល់បែបណាក៏ពួកគាត់មិនស្ដាប់តាមដែរ និងនៅតែយកលុយទៅវេរតាមវីងឲ្យកូនដដែល បន្ទាប់មកទើបនាំគ្នាចាកចេញពីប៉ុស្ដិ៍ចោមចៅត្រឡប់ទៅផ្ទះវិញ ។
គួររម្លឹកផងដែរថា ក្មេងស្រីវ័យជំទង់រូបស្រស់សោភា ដែលបានបាត់ខ្លួនទៅនោះ ឈ្មោះ ហ៊ីន ស្រីណែត អាយុ១៤ឆ្នាំ មានម្ដាយឈ្មោះ ជា អាង អាយុ៣៦ឆ្នាំ និងឪពុកឈ្មោះ គក់ ថន អាយុ៣៩ឆ្នាំ មុខរបរលក់កំពឹស និងត្រី ពួកគាត់មានកូនប្រុសម្នាក់ និងកូនស្រីម្នាក់ មានទីលំនៅផ្ទះជួលជិតរោងចក្រតុងហ្គា ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ ចោមចៅ ហើយមានទីលំនៅអចិន្ត្រៃយ៏ក្នុងភូមិបាស្រែ ឃុំបាស្រៃ ស្រុកអង្គរបូរី ខេត្តតាកែវ ។ ក្មេងស្រីរូបនោះ បានបាត់ខ្លួនកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ពេលនាងចេញពីផ្ទះទៅលក់កំពឹសនិងត្រីនៅក្នុងផ្សារត្រពាំងថ្លឹង ហៅផ្សារយាយម៉េវ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅមខណ្ឌពោធិ៍សែនជ័យ លុះដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្ត្រីជាម្ដាយបានទៅដាក់ពាក្យបណ្ដឹង និងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកកូនស្រីវ័យជំទង់របស់គាត់ផង ដោយគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពកូនស្រីគាត់ ព្រោះក្រោយពេលបាត់ខ្លួនរយៈពេល១២ម៉ោងកូនស្រីបានយកទូរស័ព្ទលេខផ្សេង ចូលទូរស័ព្ទរបស់គាត់ដោយបានស្រែកតាមទូរស័ព្ទថា «ម៉ែជួយផង ខ្ញុំដល់ប៉ោយប៉ែតហើយ» បន្ទាប់មកទូរស័ព្ទក៏ស្ងាត់ទៅវិញ ដែលមិនបានដឹងថា កូនស្រីមានបញ្ហាអ្វីកើតឡើងនោះឡើយ ។
ស្ត្រីជាម្តាយក៏សូមអំពាវនាវដល់បងប្អូនណាបានឃើញកូនស្រីគាត់ដូចក្នុងរូបថត សូមជួយផ្ដល់ដំណឹងដល់គាត់តាមរយៈទូរស័ព្ទលេខ 096 4057006 ដោយអនុគ្រោះផង ៕ សុខាសែនជ័យ