ភ្នំពេញ៖ វាជារឿងចម្លែក ដែលរហូតដល់ពាក់កណ្តាលខែធ្នូទៅហើយ ភ្លៀងនៅបន្តធ្លាក់ដូចរដូវវស្សា ។ ជាធម្មតា ខែនេះជារដូវរំហើយ ដែលប្រជាកសិករត្រូវប្រមូលផលស្រូវស្រែ ។ ប៉ុន្តែឆ្នាំនេះ ភ្លៀងបន្តធ្លាក់ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ដល់ការប្រមូលផលស្រូវស្រែរបស់ប្រជាកសិករយើង ។
នៅជាយរាជធានីភ្នំពេញ វាលស្រូវរបស់ប្រជាពលរដ្ឋ ដែលមិនទាន់ប្រមូលផលរួចរាល់ ដែលខ្លះកំពុងច្រូតហាលកណ្តាប់ប្រឈមនឹងការលិចលង់ ព្រោះតែភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា ។ ផលស្រូវរាប់សិបហិកតា, ផ្ទះសម្បែង, ផ្លូវថ្នល់…ត្រូវបានជន់លិចធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះនឹងការលំបាក ជាពិសេសបញ្ហាស្រូវដែលទុំ និងកំពុងច្រូតកាត់នោះ ត្រូវទទួលរងការខូចខាត ។ នេះជាអ្វីដែលកំពុងកើតឡើងនៅក្នុងភូមិពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
មន្ត្រីសាលាសង្កាត់ពន្សាំងបានឲ្យដឹងថា ប្រជាកសិករក្នុងមូលដ្ឋាននេះធ្វើស្រែវស្សាបានជាង១០០ហិកតា ។ រហូតមកដល់ពេលនេះ ប្រជាកសិករត្រូវប្រមូលផលច្រូតកាត់ គាប់ជួននឹងភ្លៀងធ្លាក់បីបួនថ្ងៃជាប់ៗគ្នា ធ្វើឲ្យកសិករជួបប្រទះនឹងផលវិបាក ដែលស្រូវស្រែខ្លះច្រូតកាត់ប្រមូលផលរួចរាល់ ស្រែខ្លះទៀតកំពុងប្រមូលផល ហើយស្រូវស្រែមួយចំនួនធំកំពុងទុំកសិករមិនទាន់ច្រូតផង ត្រូវទឹកភ្លៀងជន់លិចអស់ទៅហើយ ។ ប្រការនេះធ្វើឲ្យប្រជាកសិករព្រួយបារម្ភ ដែលគ្រាប់ស្រូវមិនទាន់ទុំល្អអាចនឹងរលួយដោយសារត្រាំទឹកច្រើនថ្ងៃ ។
អ្នកស្រីខៀវ សំបូរ អាយុ៥៤ឆ្នាំ រស់នៅភូមិពង្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅបានអះអាងថា គាត់មានដីស្រែ១ហិកតា ដែលជាដីស្រែរបបគោលនយោបាយរបស់រដ្ឋចែកជូនតាំងពីក្រោយឆ្នាំ១៩៧៩ សម្រាប់ធ្វើស្រែចម្ការ ដែលគ្រួសារអ្នកស្រីរស់រានមានជីវិតដោយសារការប្រកបរបរធ្វើស្រែនេះ ។ ឆ្នាំនេះ គ្រួសារអ្នកស្រីបានធ្វើស្រែរួចរាល់រហូតដល់ស្រូវផ្តល់ផលដាក់គ្រាប់ តែមិនទាន់ទុំស្រួលបួលផង ស្រាប់តែមានភ្លៀងធ្លាក់បីបួនថ្ងៃផ្ទួនៗ ជាហេតុធ្វើឲ្យវាលស្រែរបស់អ្នកស្រីត្រូវទឹកជន់លិច ខណៈដែលមិនទាន់ច្រូតកាត់ផង ។
កសិករមួយចំនួនទៀតនៅក្នុងមូលដ្ឋានខាងលើនេះ ដែលធ្វើស្រូវធ្ងន់ ក៏ប្រឈមនឹងការលិចលង់ដូចគ្នានេះដែរ ។ អ្នកដែលធ្វើស្រូវស្រាល បានប្រមូលផលច្រូតកាត់រួចរាល់ ស្ទើរគ្រប់ផ្ទះទៅហើយ ។ ប៉ុន្តែអ្នកដែលធ្វើស្រូវធ្ងន់កំពុងប្រឈមនឹងបញ្ហា ។
ប្រជាកសិករនៅសង្កាត់ពន្សាំងត្អួញត្អែរថា ពួកគាត់ប្រឈមទៅនឹងភាពងាយរងគ្រោះដោយសារតែស្រូវដែលទទួលបានផលទៅហើយ បែរជាត្រូវទឹកជនលិចទៅវិញនោះ ។ ចំណែកប្រឡាយវិញ ក៏ត្រូវទឹកជន់លិចហូរហៀរដែររកតែបង្ហូរទឹកចេញពីស្រែមិនកើត ។
មិនមែនតែសង្កាត់ពន្សាំងនោះទេ ដែលស្រូវស្រែរបស់ប្រជាកសិករត្រូវទឹកជន់លិច សូម្បីតែស្រូវស្រែច្រើនហិកតាផ្សេងទៀតក្នុងភូមិសាស្ត្រសង្កាត់សំរោងក្រោម, ស្នោ ក្នុងខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវទឹកភ្លៀងជន់លិចដែរ ខណៈដែលមិនទាន់ប្រមូលផលរួច ។ ក្រៅពីស្រូវត្រូវទឹកជន់លិច ក៏មានកំណាត់ផ្លូវមួយចំនួន និងលំនៅឋានខ្លះក៏លិចលង់ដែរ ៕ ហេង សូរិយា