ភ្នំពេញ ៖ ក្រុមចោរជំនាញទាក់ឆ្កែពីរនាក់ត្រូវបានម្ចាស់ឆ្កែតាមទាន់ ខណៈកំពុងធ្វើសកម្មភាពទាក់ឆ្កែរបស់បុរសម្នាក់ជានាយរងនគរបាលប៉ុស្តិ៍នៅពេលទៀបភ្លឺថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្របយចជាប់រួចនាំយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅភ្លាមៗ។
មន្រី្តនករបាលប៉ុស្តិ៍ចោមចៅបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ទី១មានឈ្មោះ ភាន ទិត្យ អាយុ២២ឆ្នាំ និងទី២មានឈ្មោះ ជុំ ជីន អាយុ៣៤ឆ្នាំ អ្នកទាំងពីមានមុខរបរកម្មករសំណង់ និង ទីលំនៅក្នុងភូមិជាមួយគ្នាសព្វថ្ងៃនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកម្ចាស់ឆ្កែឈ្មោះ ថេង ធុច អាយុ៤០ឆ្នាំ មុខរបរជានាយរងនគរបាលប៉ុស្តិ៍ចោមចៅ ។
ប្រភពដដែលបានអោយដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើនេះបាននាំគ្នាធ្វើសកម្មភាពទាក់និងដេញវាយឆ្កែទាំងនោះឲ្យងាប់ចំនួន៣ក្បាល តែចៃដន្យម្ចាស់ឆ្កែឃើញទាន់ ក៏ដេញក្របួចជាប់ជនសង្ស័យម្នាក់នៅនឹងកន្លែង ចំណែកម្នាក់ទៀតបានរត់តែត្រូវសមត្ថកិច្ចស្រាវជ្រាវ និងចាប់ខ្លួនបាននៅថ្ងៃកើតហេតុដដែល។
ក្រោយពីបានធ្វើការចាប់ខ្លួនក្រុមចោរចាប់ឆ្កែនេះមក បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី និងបានរឹបអូសខ្មោចឆ្កែ១ក្បាលដែលពួកគេសម្លាប់ច្រកបាវផងដែរ ៕ ប្រាថ្នា