ខេត្តស្វាយរៀង៖ កម្មករ កម្មការីនីរោងចក្រជិត២ពាន់នាក់ បានចូលបម្រើការងារដូចធម្មតាវិញ ហើយកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីមានការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ពន្ធ័។
លោកអ៊ូ សាខឿន អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឲ្យដឹងថា បន្ទាប់ពីមានដំណោះស្រាយរវាងកម្មករ និងថៅកែរោងចក្រយល់ព្រមឈប់ធ្វើកូដកម្ម និងចូលធ្វើការដូចធម្មតានៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។
លោកបន្តថា រូបលោក និងសមត្ថកិច្ចពាក់ព័ន្ធបាននាំគ្នាជួយរកដំណោះស្រាយ ខណៈបាននិយាយប្រាប់តំណាងកម្មករ ក៏ដូចជាកម្មករពីមូលហេតុថា ការធ្វើកូដកម្មទាមទារខុសច្បាប់ការងារ និងធ្វើឲ្យខាតបង់ពេលវេលារបស់បងប្អូនផងដែរ ។
រំលឹកឡើងវិញថា ការធ្វើបាតុកម្មនេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅខាងមុខរោចក្រលូថៃ ស្ថិតនៅភូមិស្វាយតឿសង្កាត់ស្វាយតឿក្រុងស្វាយរៀងដោយសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា ការនាំឲ្យមានផ្ទុះបាតុកម្មនេះឡើងដោយសារ មានជនសង្សយ័ម្នាក់វាយទៅលើតំណាងសហជីពសិទ្ធិកម្មករខ្មែរម្នាក់ឲ្យរងរបួស ហើយកម្មករ កម្មការិនីបានចោទប្រកាន់ថា ក្រុមហ៊ុនលូថៃ ជាអ្នកនៅពីក្រោយរឿងនេះ។ ជនរងគ្រោះមានឈ្មោះ ខឿន លីដា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាមន្ត្រីសហជីពសហពន្ធ័សហជីពសិទ្ធិកម្មករខ្មែរប្រចាំនៅក្នុងរោងចក្រក្រុមហ៊ុនលូថៃ(ខេមបូឌា )។រីឯជនសង្ស័យដែលជាជនបង្ក ឈ្មោះមុំតាង ភេទប្រុស អាយុ៣៨ឆ្នាំជាបុគ្គលិក ក្រុមហ៊ុនលូថៃ ទើបតែចូលធ្វើការបានមួយខែប៉ុណ្ណោះ មានទីលំនៅខេត្តកំពត។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះ និងជនសង្សយ័ មិនដែលស្គាល់គ្នា ឬមានជម្លោះអ្វីឡើយ មុនកើតហេតុជនរងគ្រោះ ចេញពីកន្លែងធ្វើការ ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីបត់ជើងតូច ខណៈកំពុងសំអាតអនាម័យដៃក្នុងបន្ទប់ទឹកស្រាប់តែជនសង្ស័យឈ្មោះ មុំ តាំង ដើរចូលទៅ ទាញជនរងគ្រោះរួចដាលយ៉ាងសន្ធាប់ទៅលើដើមទ្រូងជនរងគ្រោះពីបីដៃ បណ្តាលឲ្យរងរបួសធ្ងន់ ជនរងគ្រោះ ក៏ប្រឹងរត់ចេញមកក្រៅបន្ទប់រួចស្រែកឲ្យគេជួយផ្អើលដល់កម្មករកម្មការិនីរោងចក្ររត់ចេញមកជួយ ខណៈនោះសមត្ថកិច្ច ក៏ទៅដល់ភ្លាមៗដែរ ហើយបានហៅជនសង្ស័យ និងជនរងគ្រោះទៅសាកសួរ និងដោះស្រាយ ៕ យឹម សុថាន