ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យលោកហ៊ីដេហ៊ីសា ហូរិនូជិ ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពជប៉ុនចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៩:០០នាទី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ហ៊ីដេហ៊ីសា ហូរិនូជិ (HE. Mr. Hidehisa HORINOUCHI ) ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ទើបតែងតាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

ប្រទេសយើងទំាងពីរកម្ពុជា-ជប៉ុន បានភ្ជាប់ទំនាក់ ទំនងការទូតជាមួយគ្នាយូរយារណាស់មកហើយ។ ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានបន្តពូនជ្រុំលើកកម្ពស់ កាន់តែល្អ ពីមួយថ្ងៃទៅមួយថ្ងៃ ឈានដល់កម្រិតខ្ពស់ គឺ “ភាពជាដៃគូយយុទ្ធសាស្រ្ត” ចាប់តាំងពីឆ្នាំ២០១៣ តរៀងមក ដែលបាននិងកំពុងប្រែក្លាយជាផលប្រយោជន៍ជាក់ស្តែងយ៉ាងច្រើនសម្រាប់កម្ពុជា។

បេសកកម្មការទូតថ្មីរបស់ លោកនៅកម្ពុជា ពិត ជាមានសារសំខាន់ខ្លាំងណាស់ ដល់ការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទំាងពីរ កម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេដងថែមទៀត ហើយកម្ពុជាមានសេចក្តីពេញចិត្តចំពោះសមិទ្ធិផលធំៗជាច្រើន ដែលជប៉ុនបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃនេះ ។

បច្ចុប្បន្ន ប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែបានដឹងថា រដ្ឋាភិបាល និងប្រជាជនជប៉ុន បានរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាព ការស្តារ និងអភិវឌ្ឍន៍ដល់កម្ពុជា និងនៅតែបន្តរហូតដល់ថ្ងៃនេះ ដែលធ្វើឲ្យជប៉ុនក្លាយជាដៃគូដ៏មានសក្តានុពលក្នុងដំណើរការអភិវឌ្ឍន៍នៅកម្ពុជា។ ក្នុងនោះ ជប៉ុន បានផ្តល់ ហិរញ្ញប្បទានយ៉ាងច្រើន ដល់កម្ពុជាទំាងហិរញ្ញប្បទាន ឥតសំណង និងកម្ចីសម្បទាន ចាប់តាំងពីឆ្នាំ១៩៩២ ដល់បច្ចុប្បន្ន ដែលបានរួមចំណែកដ៏ចម្បង ក្នុងការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ ដែលបានគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា។

រដ្ឋសភាកម្ពុជា សង្កេតឃើញដោយការពេញចិត្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ លើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ មានការរីកចម្រើនយ៉ាងខ្លាំង។ ក្រុមហ៊ុនជប៉ុន កាន់តែច្រើន បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលបានបង្កើតឱកាសការងារយ៉ាងច្រើន ដល់ប្រជាជនកម្ពុជា។ ការតភ្ជាប់ជើងហោះហើរត្រង់ពីជប៉ុន មកកម្ពុជាក៏បានរួមចំណែកលើការរីកចម្រើនវិស័យទេសចរណ៍ កម្ពុជាផងដែរ។ ជាមួយគ្នានេះ សម្តេចហេង សំរិនស្នើ លោកឯកអគ្គរាជទូត បន្តជម្រុញលើកទឹកចិត្តវិនិយោគិនជប៉ុន និងប្រជាជនជប៉ុន មកវិនិយោគនិងធ្វើទេសចរណ៍ កំសាន្ត នៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។

ក្នុងន័យនេះ រដ្ឋសភាកម្ពុជា គាំទ្រនិងផ្តល់កិច្ចសហការយ៉ាងពេញលេញ ដើម្បីអោយ បេសកកម្មការទូតដ៏ឧត្តុង្គឧត្តម របស់លោកឯកអគ្គរាជទូត នៅកម្ពុជា ទទួលបានជោគជ័យ និងនាំផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង ៕

3 1 2


ចែករំលែក៖