ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម បានសុំទោសនៅចំពោះមុខបងប្អូន ដែលកន្លងមកជាប់ធ្វើការងារសមរភូមិ មិនបានយកចិត្តទុកដាក់ចំពោះបងប្អូន និងដោយសារពីមុនខាងសង្គមកិច្ច ជាអ្នកទទួលខុសត្រូវ គាត់មានគ្នាតិច ទើបមិនអាចមើលបានសព្វគ្រប់ ។ លោកបន្តថា៖ តែឥឡូវនេះ សមាគមមានគ្នាសមល្មម ដោយមានការសហការជាមួយនឹងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យើងអាចជួយមើលការខុសត្រូវបងប្អូន អីចឹងហើយ បានជាលោកនាយឧត្តមសេនីយ៍ គន់ គីម លោកនឹងខិតខំចុះជួយបងប្អូនដើម្បីស្វែងយល់ និងដោះស្រាយការលំបាករបស់បងប្អូនយើង ។
លោកនាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងបែបនេះក្នុងពេលលោកជួបសំណេះ សំណាលជាមួយអតីតយុទ្ធជននៅស្រុកបាធាយ និងស្រុកជើងព្រៃអតីតយុទ្ធជនក្នុង ចំនួន ៥២៦ នាក់កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ។
ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីការលះបង់សាច់ញាតិ ប្តី ប្រពន្ធ កូន រួមទាំងកែវភ្នែក ដៃ ជើង របស់បងប្អូនអតីតយុទ្ធជនយើង ។
ក្នុងនោះស្នើអោយលោកប្រធានកិត្តិយស និង ប្រធាន សអក ថ្នាក់ស្រុក ឃុំ បង្កើនការយកចិត្តទុកដាក់ដល់ជីវភាព រស់នៅរបស់បងប្អូន ត្រូវផ្តល់លេខទូរស័ព្ទសំរាប់ទំនាក់ទំនងជូនដល់សមាជិកយើង ងាយស្រួលពេលគាត់មានបញ្ហា យើងអាចជួយដោះស្រាយបានទាន់ពេលវេលា ។ បងប្អូនទាំងអស់គ្នានឹងហើយជាវីរជន ហេតុនេះបងប្អូនត្រូវធ្វើជាគំរូនៅមូលដ្ឋាន រក្សាភាពថ្លៃថ្នូរក្នុងនាមជាវីរជន ដែលធ្លាប់ធ្វើពលិកម្មដើម្បីជាតិមាតុភូមិ និងសុំអោយបងប្អូនទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ។ក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍បានចុះទៅពិនិត្យដល់លំនៅដ្ឋានដោយផ្ទាល់ដើម្បីដឹងពីស្ថានភាពជីវភាព រស់នៅរបស់បងប្អូនអតីតយុទ្ធជន ចំនួន ២ គ្រួសារ ៕