ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់រងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូបុករថយន្តដឹកដីបត់ឆ្លងផ្លូវ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរស២នាក់បានទទួលរងរបួសយ៉ាងធ្ងន់ ដេកសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឌុបគ្នាបោះពួយទៅបុករថយន្តបែនដឹកដីបត់ឆ្លងផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សីម សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1B-1625 និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ហែម ប៉ុក ភេទប្រុស អាយុ ៤៧ឆ្នាំ ។ ទាំង២នាក់នេះរងរបួសធ្ងន់ មានទីលំនៅភូមិអង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកឯរថយន្តម៉ាកនីសាន់ ប្រភេទបែនដឹកដី ពាក់ស្លាកលេខភ្នំពេញ 3D-2557 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនមធ្យម ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកជាមួយរថយន្តបែនដឹកដីដែលកំពុងបើកបត់ឆ្លងផ្លូវ បណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវធ្វើឲ្យជនរងគ្រោះទាំង២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបែនដឹកដីបានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃក្នុងរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

as as-1 as-2


ចែករំលែក៖