ប៉ោយប៉ែតៈ នាយរងប៉ុស្តិ៍ អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តជាតិប៉ោយប៉ែតម្នាក់ ត្រូវរថយន្តឡិចស៊ីស RX300 ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A 5484 បុកចំពីមុខបណ្ដាលឲ្យដួលបោកក្បាលផ្លូវជាតិសន្លប់ គ្រាដែលលោកកំពុងសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍នៅច្រកទ្វារអន្តជាតិប៉ោយប៉ែត ។
ហេតុការណ៍នេះ បានកើតឡើងពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចគល់ស្ពាន់ច្រកទ្វារអន្តជាតិប៉ោយប៉ែត ឋិតក្នុងភូមិក្បាលស្ពាន់១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មន្ត្រីច្រកទ្វារអន្តជាតិប្រាប់ថា ជនរងគ្រោះ ឈ្មោះ ឈឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ មុខងារជានាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តជាតិប៉ោយប៉ែត ចំណែកអ្នកបើករថយន្តបង្ក ឈ្មោះ ឌិន ពុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រពន្ធ័ រស់នៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែត បើករថយន្តឡិចស៊ីស RX300 ពណ៌ឆ្លូញ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A 5484។
ប្រភពបញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះខាងលើបានឃាត់បុរសម្នាក់ឈ្មោះ អ៊ីង ធៀន ភេទប្រុស អាយុប្រហែល១៩ឆ្នាំ នៅក្រុងប៉ោយប៉ែត ដែលជិះម៉ូតូដឹកម៉ូយទៅច្រកទ្វារ ខណៈដែលជនរងគ្រោះកំពុងតែឃាត់ម៉ូតូឌុបជាច្រើនយកមកអប់រំមិនឲ្យដឹកម៉ួយទៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីកាត់បន្ថយភាពអនាធិបតេយ្យ ពេលនោះស្រាប់តែឈ្មោះ អ៊ីង ធៀន ភេទប្រុស អាយុប្រហែល១៩ឆ្នាំ បានទូរសព្ទ័ហៅឈ្មោះ ឌិន ពុទ្ធី មកអន្តរាគមន៍ដើម្បីយកម៉ូតូទៅវិញ។
ប្រភពបញ្ជាក់ថា គ្រានោះលោក ឌិន ពុទ្ធី បានហៅកូនចៅឈ្មោះ អ៊ីង ធៀន ឡើងរថយន្ត តែលោកឈឹម ពិសិដ្ឋ នាយរងស្នាក់ការច្រកទ្វារមិនព្រមឲ្យឈ្មោះ អ៊ីង ធៀន ចុះពីលើរថយន្តដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ដឹកម៉ួយមកច្រកទ្វារ ហើយជនរងគ្រោះមកពីមុខរថយន្ត ឈ្មោះ ឌិន ពុទ្ធី ក៏បុកចំពីមុខបណ្ដាលឲ្យដួលបោកក្បាលនឹងផ្លូវជាតិសន្លប់តែម្ដង។
ពាក់ព័ន្ធការចោទខាងលើនេះ លោក ឌិន ពុទ្ធី បានបដិសេដន៍ថា លោកមិនបានបុកឡើយ លោកបានដួលពីមុខរថយន្តរបស់លោកដោយខ្លួនឯង ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបញ្ជូនមកគ្លីនិកមួយក្នុងក្រុងប៉ោយប៉ែត តែដោយសារគ្នានឧបករណ៍គ្រប់គ្រាន់ ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យប្រទេសថៃ (ស្រុកអារញ្ញ័)។ រីឯរថយន្តបង្ក និងម្ចាស់រថយន្តត្រូវសម្ថកិច្ចអន្តោប្រវេសន៍ប្រចាំច្រកទ្វារបញ្ជូនមកស្នាក់ការដើម្បីសួរនាំ ៕ វណ្ណា