ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករ កម្មការិនីរោងចក្រ៤៤នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាកហ៊ីយ៉ានដាយ ដឹកកម្មករជែង នឹងម៉ូតូនៅពីមុខ បណ្ដាលឲ្យដាច់កាឡេរួចទៅប៉ះនឹងម៉ូតូធ្វើឲ្យរេចង្កូតក្រឡាប់ ចាក់សង្កត់លើកម្មករស្រែកយំគួរឲ្យរន្ធត់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា អ្នករងរបួសធ្ងន់មានឈ្មោះ ឈឺម វណ្ណា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខណៈមានផ្ទៃពោះ៧ខែ។ ទី២ មានឈ្មោះ ឃួន ចន្ថា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទី៣ឈ្មោះ ម៉ៅ នាងអាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងប្ដីឈ្មោះ ពុត គា អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ទី៥ឈ្មោះឈឺម ម៉ាឡៃ ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ដោយអ្នកទាំង៥មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា រីឯអ្នកបើករថយន្តដឹកកម្មករដែលរត់គេចខ្លួនមានឈ្មោះជូដារ៉ាអាយុ៣២ឆ្នាំមានទីលំនៅភូមិចំការលាវឃុំព្រៃគគីស្រុកចន្ទ្រា។
តាមកម្មការិនីរងគ្រោះឈ្មោះឈឺម វណ្ណាដែលមានផ្ទៃពោះ៧ខែ បានអោយដឹងថា មុនកើតហេតុរូបនាង និងកម្មការិនីដទៃទៀតបានជិះលើរថយន្តមួយគ្រឿងម៉ាកហ៊ីយន់ដាយ ពណ៌សរ ផលិតនៅកូរ៉េ ចំណុះមួយតោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 2J 1019 អ្នកបើកបរឈ្មោះ ជូ ដារ៉ា ប្រុស អាយុ ៣២ ឆ្នាំ នៅភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ដោយធ្វើដំណើរពីលិចមកកើតលើកំណាត់ផ្លូវជាតិលេខ១ ហើយក៏បានបើកជែងនឹងម៉ូតូមួយគ្រឿងជិះគ្នា២នាក់ ទិសដៅស្របគ្នាហើយមិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្តរេចង្កូតក្រឡាប់សង្កត់លើរូបនាង និងកម្មករដទៃទៀតតែម្ដង។
យោងតាមលោកកែវ គង់ អធិការនគរបាលក្រុងបាវិតបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ មកពីរថយន្តដាច់កាឡេ ទើបក្រឡាប់។
ក្រោយកើតហេតុ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនាំគ្នាជួយលើកកម្មករ កម្មការិនីចេញពីក្នុងរថយន្តមកកាន់មន្ទីរពេទ្យបង្អែកជីភូ ហើយអ្នករងរបួសធ្ងន់១៥នាក់ ប្រុស២នាក់ បានដឹកបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ចំពោះអ្នកបើកបរ រថយនបានរត់គេចខ្លួន សមត្ថកិច្ចនគរបាលកំពុងតាមឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន